តាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅក្នុងរដូវរំហើយខាងមុខនេះ (ខែធ្នូ ឆ្នាំ២០២០-ខែមករា ឆ្នាំ២០២១) អាកាសធាតុនៅប្រទេសកម្ពុជា នឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ។
ក្នុងនោះ នៅសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០ បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្រ្តតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៨ ទៅ ២១អង្សាសេ ហើយបណ្តារាជធានីខេត្តដទៃទៀត សីតុណ្ហភាពអាចមានរង្វង់ពី ១៩ ទៅ២២អង្សាសេ។
ដោយឡែកចាប់ពីសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២០ ដល់បំណាច់ខែមករា ឆ្នាំ២០២១ បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្រ្តជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៦ ទៅ ១៩អង្សាសេ ហើយបណ្តាខេត្តដទៃទៀត សីតុណ្ហភាពនឹងមានក្នុងរង្វង់ពី ១៨ ទៅ ២១អង្សាសេ៕