ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងនៅថ្ងៃនេះថា គេបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ទៅលើបុរសជនជាតិនេប៉ាល់ម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បុរសនេប៉ាល់រូបនេះ ធ្លាប់មានវិជ្ជមានវីរុសកូវីដ១៩ កាលពីនៅប្រទេសនេប៉ាល់នៅថ្ងៃតី១៩ ខែតុលា ឆ្នាំ២០២០ និងបានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅពេលនោះ។ នៅថ្ងៃទី២ និងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់បានធ្វើតេស្តឡើងវិញ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ពីរលើក។
ថ្ងៃមកដល់កម្ពុជា គាត់ក៏បានធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ដែរ ហើយត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដោយគាត់ជាបុគ្គលិកអង្គការអន្តរជាតិមួយនៅភ្នំពេញ, តែលទ្ធផលតេស្តនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថា គាត់មានវិជ្ជមានវីរុសកូវីដ១៩ ហើយគាត់ត្រូវបានឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ជាមួយគ្នានេះដែរ នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានប្រកាសពីករណីជាសះស្បើយចំនួន២នាក់ផងដែរ គឺជាបុរសជនជាតិខ្មែរអាយុ៣៤ឆ្នាំ ស្នាក់នៅភូមិតាស្តរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល និងបុរសជនជាតិអាមេរិកាំង អាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ។
ដូច្នេះ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាមានករណីវីរុសកូវីដ១៩សរុបចំនួន ៣០៧នាក់ ព្យាបាលជាសះស្បើយចំនួន ២៩៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់៕