សង្គម

ស្ថានីយ៍ប្រេងមួយ​កន្លែង​នៅ​ស្រុកព្រៃកប្បាស​កំពុង​សង់​ដោយ​គ្មាន​ច្បាប់, ភូមិ​បាលថា គេសង់បណ្តើរ រត់ច្បាប់បណ្តើរ

ស្ថានីយ៍ប្រេង​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃតាពង ឃុំ​ពោធិ៍​រំចាក ស្រុកព្រៃកប្បាស ខេត្ត​តាកែវ កំពុងតែធ្វើសកម្មភាពសាងសង់ដោយ​គ្មាន​ច្បាប់អនុញ្ញាត​ តែ​ប្រធានភូមិ​បាល​ស្រុកថ្លែងថា ការ​សាងសង់ស្ថានីយ៍​ប្រេងមួយ​នេះ គឺ​គេ​សង់បណ្តើរ សុំ​ច្បាប់​ច្បាប់បណ្តើរ ខណៈ​ប្រធាន​មន្ទីរ​សូរិយោដី​ខេត្ត​តាកែវ​ថ្លែងថា ការ​មិន​ទាន់ទទួលច្បាប់អនុញ្ញាត ហើយ​សង់​ស្ថានីយ៍​នោះ គឺជាករណីខុសច្បាប់ទាំងស្រុង។

បើតាម​សេចក្តីរាយការណ៍ ស្ថានីយ៍​ប្រេង​មួយ​នេះ ត្រូវ​គេសាងសង់ទាំងយប់ទាំងថ្ងៃរហូតមកទល់បច្ចុប្បន្ន គឺជិតរួចរាល់ហើយ តែទន្ទឹមនិងការសាងសង់ខាងលើ គេសង្កេតឃើញមានក្រុមមន្រ្តីពាក់ពន្ធ័ជាច្រើនក្រុមបានចេញចូលស្ថានីយ៍នោះ។

លោក ឆុង ផូ ប្រធានការិយាល័យភូមិបាលស្រុកព្រៃកប្បាសបានថ្លែងថា ស្ថានីយ៏ប្រេងខាងលើនោះ គឺពិតជាសាងសង់ជិតរួចរាល់មែន តែលោកបានបញ្ជូនផុតពីដៃរបស់លោកហើយ ។ លោកថា តាមច្បាប់ម្ចាស់ស្ថានីយ៏ត្រូវតែរត់ច្បាប់ឲ្យ​រួចរាល់ និងគ្រប់គ្រាន់អស់ទើបអាចសាងសង់បាន តែដោយសារមានមនោសញ្ចេតនា ទើបលោកចេះតែបិទភ្នែកឲ្យ​គេ​សាងសង់បណ្ដើរ រត់ច្បាប់បណ្តើរទៅ។

លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានថ្លែងថា ករណីស្ថានីយ៍​ប្រេងនេះ លោកបានចាត់ឲ្យ​អភិបាលរងស្រុកមួយរូបទទួលការងារសាងសង់ចុះទៅហាមឃាត់រួចហើយ និងរង់ចាំមើលឯកសារច្បាប់គ្រប់គ្រាន់ចាំបន្ដការសាងសង់បន្តទៀត។

ចំពោះ​ករណី​ស្ថានីយ៍​ប្រេង​ដែលសង់បណ្តើរ សុំច្បាប់បបណ្តើរ​នេះ លោក នួន សុធា ប្រធានមន្ទីរសុរិយោដី និងសំណង់ខេត្តតាកែវ បានថ្លែងថា ការសង់ស្ថានីយ៍ប្រេងមួយ គឺចាំបាច់ត្រូវ​តែ​សុំ​ច្បាប់ឲ្យ​រួចរាល់​ ទើប​អនុញ្ញាត​ឲ្យ​សាងសង់ ហើយ​បើ​សង់​បណ្តើរ សុំច្បាប់បណ្តើរ គឺខុសច្បាប់ទាំងស្រុងហើយ តែយ៉ាងណាលោកនឹងសាកសួរលោក ឆុង ផូ ប្រធាន​ភូមិ​បាលស្រុកព្រៃកប្បាសបន្ថែមទៀត។

យ៉ាងណាក៏ដោយ បើតាមការលួចខ្សឹបខ្សៀវពីម្ចាស់សំណង់ស្ថានីយ៍ប្រេង​ខាងលើថា ពួកគេចំណាយលុយជាង៦ពាន់ដុល្លារ ទើបអាចសាងសង់ស្ថានីយ៍ប្រេងនេះបាន៕