ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ឆ្នាំសិក្សាថ្មី ២០២០-២០២១ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
តាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំកាលពីសប្តាហ៍មុនបានបញ្ជាក់ថា ឆ្នាំសិក្សាថ្មី ២០២០-២០២១នេះ ផ្ដោតសំខាន់លើលទ្ធផលសិក្សារបស់សិក្ស ឆ្លើយតបនឹងស្ដង់ដាកម្មវិធីសិក្សារបស់ក្រសួងអប់រំ។
សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យមានវិស្សមកាលចំនួន ២ដង ដោយវិស្សមកាលតូច ចាប់ពីថ្ងៃទី៦-១៩ ខែមេសា និងមហាវិស្សមកាល ពីថ្ងៃទី១-៣០ ខែវិច្ឆិកា។
សម្រាប់ឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំ ក៏បានក្រើនរម្លឹកដល់គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំងអស់ ត្រូវបង្កើតទម្លាប់អនាម័យថ្មីនៅតាមគ្រឹះស្ថានសិក្សា ដោយអនុវត្តតាម គោលការណ៍ប្រតិបត្តិស្ដង់ដា SOP សម្រាប់ដំណើរការសាលារៀនក្នុងបរិបទកូវីដ-១៩ និងពង្រឹងការអនុវត្តវិធានការការពារ និងទប់ស្កាត់កូវីដ-១៩៕