អាហារដ្ឋានកំពង់ចក មានទីតាំងស្ថិតនៅភូមិកញ្ជិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ដែលអាជ្ញាធរដឹកនាំដោយលោក ញ៉ែម ស្រស់ ចៅហ្វាយស្រុកព្រៃកប្បាស បានចុះទៅបិទកាលពីចុងខែកញ្ញា ក្រោយមើលឃើញថា អាហារដ្ឋានមួយនេះមានសំណង់មិនមានគុណភាពដែលអាចបង្ករគ្រោះថ្នាក់ដល់ភ្ញៀវនោះ មកទល់ពេលនេះ អាហារនៅតែដំណើរការជាធម្មតា ក្រោយពីម្ចាស់ទីតាំងបានផ្តល់ជាសំណែនខ្លះទៅដល់អាជ្ញាធរ ពិសេសគឺលោកភូមិបាលស្រុក ដើម្បីកុំឲ្យរករឿងទៀត។
តាមសម្តីរបស់ម្ចាស់អាហារដ្ឋានកំពង់ចកថា ករណីអាជ្ញាធរចុះមកបិទអាហារដ្ឋានរបស់លោកកាលពីចុងខែកញ្ញានោះ លោកបានដោះស្រាយរួចហើយ ដោយក្រោយមកមានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាខាងភូមិបាលបានចុះមកជួបលោក ហើយលោកក៏បានផ្តល់ជាទ្រនាប់ដៃខ្លះដល់អាជ្ញាធរ ក៏ដូចជាលោកប្រធានភូមិបាលស្រុក ហើយពេលនេះ អាហារដ្ឋានរបស់លោកអាចបើកដំណើរការបានដោយរលូនហើយ។
ចំពោះករណីយកលុយពីម្ចាស់សំណង់ខុសច្បាប់ ហើយបិទភ្នែកធ្វើមិនឃើញនេះ លោក ឆុង ផូ ប្រធានភូមិបាលស្រុកព្រៃកប្បាសបានថ្លែងថា លោកមិនដែលទៅយកនោះទេ។
យ៉ាងណាក៏ដោយ ជាមួយនឹងករណីនេះប្រជាពលរដ្ឋបានសម្តែងនូវក្តីកង្វល់យ៉ាងខ្លាំងចំពោះស្ថានភាពសំណង់នៅស្រុកព្រៃកប្បាស ព្រោះថា សំណង់ខ្លះគ្មានគុណភាព សុវត្ថិភាព ដែលអាចបង្ករជាគ្រោះថ្នាក់ជាយថាហេតុនៅពេលណាមួយបាន ត្រូវគេសាងសង់ដោយរលូន តែបែរជាមកមើលអាជ្ញាធរដែលមានតួនាទីលើកិច្ចការនេះវិញ បែរជាបិទភ្នែក បិទចម្រុះ ធ្វើមិនដឹងមិនលឺទៅវិញ៕