អ្នកនាំពាក្យរដ្ឋសភាកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនតូច ដែលទាមទារឲ្យមានការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផល «ការធ្លាក់ចុះ នៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលការចោទប្រកាន់នេះ គឺផ្ទុយពីការពិត លំអៀង និងមានស្តង់ដារពីរ។
ក្នុងសេចក្តីថ្លែងការណ៍ចំនួន៤ទំព័រ អ្នកនាំពាក្យរដ្ឋសភាកម្ពុជាបានលើកឡើងថា ជាការពិត សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាង ៣៥ ឆ្នាំមកហើយ។ ក៏ប៉ុន្តែ ការគ្រប់គ្រងប្រទេសរយៈពេលយូរដូចសម្តេចតេជោនាយករដ្ឋមន្ត្រី មិនមែនជារឿងដែលពុំធ្លាប់មានពីមុនមកនោះទេ ជាអាទិ៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ផ្ទុយពីការអះអាងដ៏អយុត្តិធម៌ ភាពរឹងមាំក្នុងការកាន់អំណាចរបស់សម្តេចតេជោ បានមកពីការគាំទ្ររបស់ប្រជាជនដ៏ច្រើនលើសលប់ដែលបានបោះឆ្នោត ជាបន្តបន្ទាប់ និងការគាំទ្រការដឹកនាំប្រកបដោយទស្សនវិស័យជឿនលឿន និងពោរពេញដោយសមត្ថភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសន្តិភាពយូរអង្វែង និងវិបុលភាពកាន់តែធំធេងជូនប្រជាជនកម្ពុជា។
ចំពោះសេចក្តីភាពក្នុងការបញ្ចេញមតិវិញ ទោះបីជាកម្ពុជា នៅជាប្រទេសកំពុងដំណើរការកសាងលទ្ធិប្រជាធិបតេយ្យយ៉ាងណាកី្ត តែកម្ពុជាមានបណ្តាញផ្សព្វផ្សាយព័ត៌មានរាប់រយ ដែលប្រតិបត្តិការដោយសេរីស្របតាមច្បាប់។ បណ្តាញទូរទស្សន៍ និងវិទ្យុបរទេស រួមមាន ស៊ីអ៊ិនអ៊ិន (CNN) ស្កាយញូវស៍ (Skynews) វិទ្យុអាស៊ីសេរី(RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) អាចទស្សនា និងស្ដាប់សំឡេងបាននៅទូទាំងប្រទេស។ លើសពីនេះទៅទៀត កម្ពុជាផ្ដល់សារៈសំខាន់យ៉ាងខ្លាំងដល់ការគាំទ្រ ការការពារ និងលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលធានាឯករាជ្យភាពសារព័ត៌មាន ដោយពុំមានការត្រួតពិនិត្យជាមុន និងសិទ្ធិរក្សាការសម្ងាត់នៃប្រភពព័ត៌មាន។
ទោះយ៉ាងណាក្ដី សេរីភាពក្នុងការបញ្ចេញមតិមិនមែនជាការផ្តល់សេរីភាពគ្មានព្រំដែន ឱ្យវាយប្រហារដល់សេចកី្តថ្លៃថ្នូរ និងសុច្ចរិតភាពរបស់អ្នកដទៃ ធ្វើឱ្យមាន ការបែកបាក់និងចលាចលក្នុងសង្គម ដែលបង្កគ្រោះថ្នាក់ដល់សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក៏ដូចជាសន្តិសុខជាតិនោះទេ៕