ជីវិតកម្សាន្ត

សមាគមអ្នកនិពន្ធខ្មែរ ប្រតិកម្ម​នឹង​បទ​ “អូនស្អាតពេលស្រាត” ព្រមទាំងបទចំរៀង៤បទទៀត ដែលប៉ះពាល់​ដល់​សីលធម៌សង្គម

បទចំរៀង​ចំនួន៥បទ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញសង្គម​យូធូប ដូចជា បទ ចាក់សាំង, អូនធំ, អូនស្អាត​ពេលស្រាត, Hot boy និងបទ នារីបឹងទំពុន ត្រូវ​បាន​សមាគមអ្នក​និពន្ធខ្មែរ សម្តែង​ប្រតិកម្ម ដោយ​ទាមទារ​ឲ្យ​ស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការ ព្រោះតែ​បទ​ចំរៀងទាំងនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​ក្នុង​សង្គម។

សមាគមអ្នក​និពន្ធខ្មែរ បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​ប្រកាស​ចំហរ​របស់​ខ្លួនថា ទន្ទឹម​នឹង​ព្រឹត្តិការណ៍​រីករាលដាល នៃជំងឺកូរ៉ូណា ឬកូវីដ​១៩ ដែល​សាធាំរណជន​ភាគច្រើន​បាន​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម ដើម្បីទទួល​ព័ត៌មាន និង​ការ​អប់រំណែនាំ​របស់​ក្រសួងសុខាភិបាល បែរជាជន​ឱកាស​និយម​មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​ប្រើប្រាស់ប្រព័ន្ធនេះ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​បំភិតបំភ័យ បំប៉ោង​សភាព​ការណ៍ ជាមួយ​នេះ ក៏​មាន​ការ​ផ្គើន​នឹង​ការ​ណែនាំជា​ច្រើនដង​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែលហាម​ប្រាម​ដល់​ការ​ចេញ​ផ្សព្វផ្សាយ​មាន​ការ​ប៉ះពាល់​ដល់​ភាព​ថ្លៃថ្នូរ និង​សីលធម៌សង្គម។

សមាគមអ្នកនិពន្ធខ្មែរ​បាន​ចាត់ទុកថា ពួកគេ​ទាំងនោះ គឺជា​កូនៗ​ដែល​បំពេញ​ទុក្ខ​បន្ថែម​ដល់​គ្រួសារ​ដែល​កំពុង​ជួបវិបត្តិ​ភ័យ​ព្រួយ ហើយ​ក៏​ស្នើ​ដល់​ក្រសួងស្ថាប័នពាក់ព័ន្ធ​ដែល​មាន​សមត្ថកិច្ច​លើ​កិច្ច​ការ​នេះ​ចាត់វិធានការ​តាម​នីតិវិធី៕