សង្គម

សាលារៀនទាំងអស់ នឹងត្រូវ​​បើក​​ឡើងវិញនៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ខាងមុខ

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាសថា សាលារៀនទាំងអស់ រួម​ទាំង​រដ្ឋ និង​ឯកជន នៅរាជធានីភ្នំពេញ ក៏ដូចជា​ខេត្ត​កណ្តាល នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើងវិញ​ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា សប្តាហ៍​ក្រោយ​នេះ ក្រោយ​ពីសម្តេច​នាយករដ្ឋមន្រ្តី​បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣វិច្ឆិកាកាលពីថ្ងៃម្សិលមិញរួចមក។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅនា​ទីស្តីការក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្រ្តីក្រសួងអប់រំ​បាន​បញ្ជាក់ថា​ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍៣វិច្ឆិកាត្រូវ​បិទ​បញ្ចប់​នាពេលនេះ ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជននៅ​រាជធានី​ភ្នំពេញនិង​ទី​រួម​ខេត្តកណ្តាល ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា​តទៅ​ តែ​គ្រឹះស្ថានសិក្សា​ទាំងអស់​ពិសេស លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ត្រូវតែ​បន្ត​អនុវត្ត​គោលការណ៍ ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ ក្នុង​បរិបទ​កូ​វីដ​១៩ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល​។​ជាមួយគ្នា ក្នុងករណី​ចាំបាច់ ត្រូវ​ពាក់​ម៉ាស​ការពារ នៅក្នុង​បរិវេណ​របស់​គ្រឹះស្ថានសិក្សា​។​

ជាមួយ​គ្នា​នេះដែរ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បាន​ប្រកាស​ពី​ការ អនុញ្ញាត​ឲ្យ​មានការ​ហាត់ប្រាណ លេង​កីឡា និង​ការចេញចូល បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកឡើងវិញ ចាប់ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ​តទៅ ប៉ុន្តែ​នៅតែ​បន្ត​អនុវត្ត​នូវ​វិធាន​សុវត្ថិភាព សុខភាព និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​៕