ព័ត៌មានជាតិ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបង្ហាញវឌ្ឍនភាពការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី÷វឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគិរី​ សម្រាប់ផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ​ និងផ្លូវខ្សែក្រវាត់ទី១ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/ ១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រង ”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន“ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគិរី។

តាមការចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែង សង្កេតឃើញមានការកើនឡើងនូវសំណង់សិល្បការ្យ។ ទន្ទឹមនេះក៏មានបញ្ហាប្រឈមផងដែរ ដែលជាឧបសគ្គធ្វើឱ្យមានការយឺតយ៉ាវចំពោះការស្ថាបនា ដោយសារស្ថានភាពភ្នំខ្ពស់ ថ្មច្រើន ជ្រលងជ្រៅ ដែលត្រូវការកាយកាត់សម្រុតបន្ទាបចំណោតជាច្រើន។ តែទោះលំបាកយ៉ាងណា ក៏កម្លាំងកងវិស្វកម្មអគ្គបញ្ជាការ បានពុះពារជម្នះឧបសគ្គដោយសម្រេចបានលទ្ធផលជារួមមានដូចជា៖

កសាងផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ ក្នុងនោះមានការឈូសព្រៃទទឹង២០ម៉ែត្រ បានប្រវែង ៦.៦០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវបានប្រវែង ៦.៣៥០ ម៉ែត្រ, ក្រាលល្បាយថ្ម បានប្រវែង ៤.១០០ ម៉ែត្រ និងបានកំណត់សំណង់សិល្បការ្យប្រភេទថ្នល់បេតុងបង្ហៀរ ១កន្លែង ប្រវែង ៤៥ម៉ែត្រ និងលូមូលបេតុង ៨កន្លែង។

រីឯផ្លូវខ្សែក្រវាត់ទី១ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ ក្នុងនោះ ឈូសព្រៃទទឹង២០ម៉ែត្រ បានប្រវែង ៤.៨០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវ បានប្រវ៉ែង ៣.៤០០ ម៉ែត្រ, ក្រាលល្បាយថ្ម បានប្រវ៉ែង ៣.០០០ ម៉ែត្រ និងបានកំណត់សំណង់សិល្បការ្យ ប្រភេទលូប្រអប់បង្កប់ មុខ៣ ១កន្លែង, លូប្រអប់បង្កប់ មុខ២ មានទំនប់ស្ទាក់ទឹក ១កន្លែង និងលូមូលបេតុង ៥កន្លែង បន្ថែមទៀត៕