សង្គម

នៅច្រកព្រំដែនស្រុកម៉ាឡៃ ជាកន្លែងនាំចូលទំនិញអនឡាញនិងអីវ៉ាន់ចាប់ហួយគេចពន្ធយ៉ាងសកម្មរាល់ថ្ងៃ

គេរាយការណ៍ថា ទំនិញអីវ៉ាន់ចាប់ហួយ និងអីវ៉ាន់ឡនឡាញ បាននឹងកំពុងនាំចូលពីប្រទេសថៃ យ៉ាងគគ្រឹក គគ្រេងជារៀងរាល់ថ្ងៃ តាមច្រកព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមិនមានការបង់ពន្ធអ្វីនោះទេ។ គ្មានការបង់ពន្ធ ក៏ព្រោះតែវាជាការឃុបឃិតគ្នារវាងពួកឈ្មួញនិងមន្ត្រីមានសមត្ថកិច្ច នៅច្រកព្រំដែនមួយនេះជាពិសេសមន្ត្រីគយតែម្ដង។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មេការិយាល័យគយ ប្រចាំនៅច្រកព្រំដែនស្រុកម៉ាល័យលោកនេត ចន្ថា ដែលនឹងត្រូវចូលនិវត្តន៍ននៅដើមឆ្នាំ២០២៥ នេះកំពុងប្រមូលលុយញ៉ុកហោប៉ៅផ្ទាល់ខ្លួនតាមរយៈការឃុបឃិតឲ្យមានបទល្មើសនៃការនាំចូលទំនិញ ដោយមិនបង់ពន្ធជារៀងរាល់ថ្ងៃ។ ទំនិញគេចពន្ធច្រើនប្រភេទដូចជាអីវ៉ាន់ចាប់ហួយ ជាពិសេសអីវ៉ាន់អនឡាញ ត្រូវបាននាំចូលតាមរថយន្តតូចៗដោយមិនមានលិខិតស្នាមអ្វីទេ ពោលគឺរថយន្តដឹកទំនិញទាំងនោះ មិនមានការត្រួតពិនិត្យអ្វីឡើយដោយមានការត្រូវរូវគ្នាជាមួយសមត្ថកិច្ចប្រចាំនៅច្រកព្រំដែននេះរួចជាស្រេចទៅហើយ។

គេលើកយកឧទាហរណ៍មួយករណីមកប្រាប់ឲ្យដឹងថា អីវ៉ាន់អនឡាញរបស់ចែនាង ដែលប្ដីជាមន្ត្រីនគរបាលអន្តោប្រវេសន៍ជនជាតិថៃ(ភាគីថៃ) បាននាំចូលទំនិញអនឡាញជារៀងរាល់ថ្ងៃ ហើយក៏មិនមានមន្ត្រីនគរបាលអន្តោប្រវេសន៍,នគរបាលព្រំដែនគោក៨១៥,នគរបាលសេដ្ឋកិច្ច ជាពិសេសមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោកនេត ចន្ថា ត្រួតពិនិត្យឬតម្រូវឲ្យបង់ពន្ធអ្វីនោះទេ។ អីវ៉ាន់របស់ចែនាង ដែលមានប្ដីជាជនជាតិថៃ មិន បានបង់ពន្ធគយជូនជាតិខ្មែរក៏ពិតមែន ក៏ប៉ុន្តែគាត់បានបង់លុយខាងក្រៅជូនលោកនេត ចន្ថា មន្ត្រីគយប្រចាំច្រកព្រំដែនម៉ាឡៃនោះរួចហើយ។

ប្រភពឃើញផ្ទាល់ភ្នែកអះអាងថា មួយថ្ងៃៗរថយន្តតូចៗដឹកទំនិញជាច្រើនគ្រឿងនាំចូលពីប្រទេសថៃ ដោយមិន បានត្រួតពិនិត្យឬក៏មានការបង់ពន្ធត្រឹមត្រូវនោះឡើយ។ ប្រភពប្រាប់ថា រថយន្តតូចៗដឹកនាំទំនិញ ចូលជាចំហដោយមិនមានការខ្លាចរអាអ្វីឡើយ។ ទំនិញចេញ-ចូលធ្វើសកម្មភាពជាចំហ ព្រោះតែពួកគេបានត្រូវរូវជាមួយសមត្ថកិច្ចជំនាញ ជាពិសេសអស់លោកមន្ត្រីគយដែលប្រចាំការនៅច្រកនោះរួចហើយ។

ករណីនេះវាជាប្រព័ន្ធពុករលួយមួយដែលទាំងសមត្ថកិច្ចគយ,ក៏ដូចជាមន្ត្រីនគរបាលច្រើនផ្នែក ប្រចាំការនៅច្រក ព្រំដែនម៉ាឡៃនេះគប់គិតគ្នាជាប្រព័ន្ធ។ ប្រភពបានខ្សិប ថា បើនិយាយពីស្ថាប័នគយវិញ មិនមែនមានតែក្រុមលោកនេត ចន្ថានោះទេ គឺមានទាំងគយចល័ត ដែលបោះទីតាំងនៅក្បែរៗនោះដែរ។ ប៉ុន្តែគយមិនមែនដាក់កម្លាំងដើម្បីចាំចាបើបង្ក្រាបបទល្មើសនៃការដឹកជញ្ជូនទំនិញគេចពន្ធនោះឡើយ។ ប៉ុន្តែគឺដើម្បីឲ្យពួកឈ្មួញម្ចាស់ទំនិញងាយស្រួលបង់ប្រាក់តែប៉ុណ្ណោះ។

លោកនេត ចន្ថា ដែលជាមន្ត្រីគយជិតចូលនិវត្តន៍ប្រចាំនៅច្រកព្រំដែនស្រុកម៉ាឡៃ មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅថ្ងៃនេះ។ ប៉ុន្តែអង្គភាពយើងរង់ចាំការបំភ្លឺពីលោកមេគយគ្រប់ពេលវេលា៕