ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសកម្ពុជានឹងទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) ព្រមទាំងខ្យល់មូសុងឦសានខ្សោយផងដែរ ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់មួយចំនួននឹងចុះត្រជាក់ដល់ ២១អង្សាសេ។
តាមការបញ្ជាក់របស់ក្រសួង បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអាចមានពី ២២ ទៅ២៤អង្សាសេ ហើយនៅថ្ងៃទី១៨-២២ ខែវិច្ឆិកា ផ្នែកមួយចំនួន នៃបណ្តារាជធានីខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអាចមានពី ២១ ទៅ២៣អង្សាសេ ហើយចំពោះស្ថានភាពភ្លៀងស្ទើរតែគ្មានទាំងស្រុង ដោយបើមាន គឺក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។
ដោយឡែកសម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអាចមានពី ២៣ ទៅ២៥អង្សាសេ ហើយនៅថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ពី ០,៥ម៉ែត្រ ទៅ ១ម៉ែត្រ៕