ប្រភពព័ត៌មានពីតំបន់ក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀងបានឲ្យដឹងថា ទំនិញច្រើនប្រភេទជាពិសេសផ្លែឈើ ដែលនាំចូលពីប្រទេសវៀតណាមមិនមានការត្រួតពិនិត្យគុណភាព ឲ្យបានត្រឹមត្រូវនោះទេ។គេឃើញមានជនស៊ីវិលនៅចាំបើកបារាស់ ឲ្យទំនិញឆ្លង ដែនចូលប្រទេសកម្ពុជាដោយសេរី។ បណ្ដាជនស៊ីវិលទាំងនោះត្រូវគេអះអាងថា ជាអ្នកចាំទទួលយកលុយពីអ្នកដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ក៏ដូចជាផ្លែឈើចូលពីប្រទេសវៀតណាម។ ពួកឈ្មួញកម្របានជួបមន្ត្រីមាន សមត្ថកិច្ចដោយផ្ទាល់ណាស់។ ពីព្រោះអស់លោកមាន សមត្ថកិច្ចទាំងនោះមានការប្រយ័ត្នប្រយែងក្នុងការលូក ដៃយកលុយពីឈ្មួញដឹកជញ្ជូនទំនិញ នៅនឹងកន្លែងរបស់ខ្លួន។
ពលរដ្ឋរស់នៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀងបានឲ្យដឹងថា សព្វថ្ងៃនេះក្រុមឈ្មួញដឹកជញ្ជូនផ្លែឈើគ្រប់ប្រភេទដូចជា ផ្លែស្រកានាគ ខ្នុរ សាវម៉ាវ ធុរេន និងគ្រឿងកំប៉ុងគ្រប់មុខដែលផ្លែឈើនិងទំនិញទាំងនោះសង្ស័យមានផ្ទុកសារធាតុគីមី រីឯលោក នាយប៉ុស្តិ៍នគរបាល,ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធផ្សេង ទៀតដែលប្រចាំការច្រកទ្វារភាគីព្រំដែនក្រសាំងជ្រុំ មិនបានពិនិត្យឲ្យបានត្រឹមត្រូវនោះទេ ។ គេឃើញមានតែជួនស៊ីវិលប៉ុន្មាននាក់អង្គុយសំកុកនៅក្នុង ស្នាក់ការច្រកព្រំដែនក្រសាំងជ្រុំនោះ ចាំទទួលយកប្រាក់ពីពួកឈ្មួញរកស៊ីដឹកទំនិញឆ្លងកាត់។
បើគ្មានការគុបគិតជាប្រព័ន្ធទេនោះ គឺក្រុមអាជីវករក៏ ដូចជាឈ្មួញ មិនអាចដឹកជញ្ជូនទំនិញផ្សេងៗគេចពន្ធ ចេញពីប្រទេសវៀតណាម ចូលមកខ្មែរ តាមច្រករបៀងក្រសាំងជ្រំ បានទេ ហើយសកម្មភាពនេះកំពុងតែធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង ១ខែៗ។ ប្រភពបង្ហើបឲ្យដឹងថា ទំនិញគ្រប់ប្រភេទ ដែលនាំចេញពីប្រទេសវៀតណាមជាទំនិញខូច គុណភាពឬប្រើប្រាស់សារធាតុគីមីដែលធ្វេីឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ប៉ុន្តែមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែនក្រសាំងជ្រុំមិនដែលគិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋនៅផ្ទៃក្នុងប្រទេសនោះឡើយ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ពេលយប់វេលារំលងអាធ្រាត្រក្រុមឈ្មួញដឹកជញ្ជូនទំនិញ គេច ពន្ធពីវៀតណាមចូលមកខ្នែរ តាមច្រករបៀងក្រសាំងជ្រំ យ៉ាងពេញបន្ទុក សមត្ថកិច្ចពាក់ព័ន្ធនៅច្រកនេះ ជាអ្នកបេីកភ្លើងខៀវ បានជាពួកឈ្មួញហ៊ានធ្វើអ្វីៗ តាមអំពេីចិត្ត។ ហេតុនេះហើយទើបមានការជំរុញឲ្យ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ចុះត្រួតពិនិត្យខ្លះផង អំពីបញ្ហាអំពេីពុករលួយ របស់នាយប៉ុស្តិ៍នគរបាលច្រកទា្វរភាគីព្រំដែនក្រសាំងជ្រំ និងបក្សពួកខ្លួន ចែកគ្នាធ្វេីមានធ្វេីបានមិនខ្វល់ពីការរិះគន់អ្វីទាំងអស់នោះ៕