ខេត្តតាកែវ÷តាមចម្លើយសារភាព របស់ស្ត្រីជាម្ចាស់គ្លីនិកដែលបង្កឲ្យមានស្ត្រីម្នាក់ស្លាប់នោះបញ្ជាក់ថា អ្វីៗដែលគាត់ធ្វើមិនពាក់ព័ន្ធនឹងប្ដីនោះឡើយ។ ប៉ុន្តែមានចំណុចគួរឲ្យសង្ស័យជាច្រើន ដែលមិនលំបាកពេកទេសម្រាប់សមត្ថកិច្ចស៊ើបអង្កេតដើម្បីបញ្ជាក់ឲ្យច្បាស់ថាតើស្ត្រីម្ចាស់គ្លីនិកខាងលើនេះ ពិតជាបានប្រព្រឹត្តអំពើមនុស្សឃាតដោយអាចេតនាតែម្នាក់ឯង ដោយគ្មានការឃុបឃិតនិងចូលរួមពីប្ដីមែនឬយ៉ាងណា? តើសពជន រងគ្រោះ ត្រូវយកចេញពីទីតាំងគ្លីនិកទៅបោះចោលនៅក្បែរគុមសង្កែនោះដោយរបៀបណា? សំណួរងាយៗជា ច្រើននឹងបង្ហាញថា តើករណីនេះមានការចូលរួមពីប្ដីដែរឬទេ ឬក៏មានជនពាក់ព័ន្ធផ្សេងទៀត?
ចម្លើយរបស់ឈ្មោះគ្រូពេទ្យឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ដែលទទួលខុសត្រូវតែម្នាក់ ឯងចំពោះករណីនៃការស្លាប់ស្ត្រីណាំ ចាន់ធូ អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំងបានឱ្យដឹងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ឈ្មោះ ណាំ ចាន់ធូ បានមកពិនិត្យ និងពិគ្រោះជម្ងឺនៅបន្ទប់ពិគ្រោះជម្ងឺសុងហាក់ ម៉ារីណា នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំងដោយពិនិត្យឃើញអ្នកជម្ងឺឈឺ រលាកក្រពះ រលាកសួត ជម្ងឺហត់ចុកទ្រូង និងលើសឈាម។ បន្ទាប់មកឈ្មោះ ស៊ុន ម៉ារីណា បានប្រាប់ទៅអ្នកជម្ងឺព្យាបាលរយ:ពេល ០៥ថ្ងៃ ហើយឈ្មោះ ណាំ ចាន់ធូ សុំព្យាបាលរយ:ពេល ៣ថ្ងៃ ដោយចាប់ផ្ដើមព្យាបាលលើកទី០១ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើថ្នាំ វីតមីនសេ1g ស៊ីមេទីឌីន 200g សង់តាមីសីន 80mg។ ព្យាបាលលើកទី០២ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល និងលើកទី៣ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល ។
ខណៈនោះឈ្មោះ ណាំ ចាន់ធូ បានប្រតិកម្មជាមួយថ្នាំស្លាប់តែម្ដង។ ក្រោយឈ្មោះ ណាំ ចាន់ធូ ស្លាប់ ឈ្មោះ ស៊ុន ម៉ារីណា មិនបានប្រាប់ប្ដីទេ រហូតដល់វេលាម៉ោង ២១ ឈ្មោះ ស៊ុន ម៉ារីណា ក៏បានយកសពដាក់រថយន្តម៉ាក ហ្វតពីអេសតា ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2U-0700 របស់ខ្លួនយកសពទៅផ្លុងចោលនៅចំណុចភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រួច ហើយក៏បន្តដំណើរទៅមើលឪពុកឈឺ នៅឯខេត្តតាកែវ រហូតដល់វេលាម៉ោង ២២ និង ៣០ នាទី ទើបត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏មិនបាននិយាយរៀបរាប់ដំណើររឿងប្រាប់ប្ដីដែរដោយព្យាយាមលាក់ ។
តាមចម្លើយរបស់ស្ត្រីម្ចាស់គ្លីនិកខាងលើបានបញ្ជាក់ថាករណីស្លាប់និងការដឹកជញ្ជូនសោកជនរងគ្រោះចេញពី ផ្ទះគឺមិនពាក់ព័ន្ធនឹងប្ដីនោះឡើយ។ សមត្ថកិច្ចទំនងជាមិនលំបាកនោះទេថា តើស្ត្រីខាងលើនេះពិតជាបានលី សែងសពស្ត្រីរងគ្រោះដាក់លើរថយន្ត ហើយយកសពទៅបោះចោលតែម្នាក់ឯងមែនឬទេ? វាជាអំពើព្រៃផ្សៃហួសហេតុដែលម្ចាស់គ្លីនិកខាងលើនេះ ថែមទាំងបានដាក់ថ្នាំងងុយដេកឲ្យកូនក្មេងអាយុ៣ឆ្នាំ ឱ្យគ្នាងងុយ ដេកអង្គុយសំកុកជាមួយសពម្ដាយមីង ក្បែរគុម្ពសង្កែនោះទៀត? តើក្នុងរាត្រីនោះ តើនាងខ្លោចផ្សារយ៉ាងណានៅពេលដែលអង្គុយសំកុកជាមួយសពម្ដាយមីង? តើស្ត្រីជាគ្រូពេទ្យខាងលើនេះមានបេះដូងដែរឬទេ?
ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ឯណេះវិញ គ្លីនិកដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ២ នៅទីប្រជុំជនសាលា ស្រុកបាទី បែរជាដំណើរការទៅបានដោយរលូនទាំងគ្មានច្បាប់ទម្លាប់? ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវពិតជាមិនដែលធ្វើដំណើរឆ្លងកាត់ស្រុកបាទី? ហើយមិនដែលឃើញទីតាំងគ្លីនិកលើកផ្លាកធំៗអត់ច្បាប់នេះទេឬ? គ្លីនិកអត់ច្បាប់មួយបើកដំណើរការអស់រយៈពេលជាង៣ឆ្នាំមកហើយ គ្មានសមត្ថកិច្ចជំនាញដែលខ្វល់ ខ្វាយអ្វីឡើយ។ ករណីនេះក្រសួងសុខាភិបាលត្រូវស៊ើបអង្កេតឲ្យបានស៊ីជម្រៅដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តតាកែវនោះផង៕