ប្រភពក្រៅផ្លូវការបានឲ្យដឹងថា ករណីប្ដីប្រពន្ធពីរនាក់ជាម្ចាស់គ្លីនិកមួយកន្លែងនៅស្រុកបាទីខេត្តតាកែវព្យាបាលអ្នកជំងឺបណ្ដាលឲ្យស្លាប់ហើយយកសពទៅចោល ក្បែរគុម្ពសង្កែជាមួយនឹងក្មេងស្រីអាយុ 3 ឆ្នាំនោះជាអំពើខ្លោចផ្សាដែលមិនគួរអត់ឱនឲ្យទាល់តែសោះ។ ព្រៃផ្សៃបំផុតគឺយកសពទៅចោលនៅក្បែរគុម្ពសង្កែ ជាមួយក្មេងតូចអាយុ៣ឆ្នាំ ដែលប្រជាពលរដ្ឋប្រទះឃើញសពនៅវេលាម៉ោងជិត៦ព្រឹកទៅហើយ។ មានន័យថា គ្រួសារពេទ្យខាងលើនេះយកសពទៅបោះចោល តាំងពីវេលារំលងអធ្រាតម៉្លេះមើលទៅ។
ប្រភពឱ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៦ និង ៣០ នាទី អធិការដ្ឋាននគរបាលស្រុកបាទី បានទទួលសេចក្តីរាយការណ៍ពីប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ ថាមានប្រជាពលរដ្ឋបានប្រទះឃើញមនុស្សស្រីម្នាក់មិនស្គាល់អត្តសញ្ញាណដេកស្លាប់នៅក្នុងគុម្ភព្រៃសង្កែក្បែរចុងផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ថែមទាំងមានក្មេងស្រីម្នាក់នៅជាមួយសាកសពផងដែរ។ បន្ទាប់ពីទទួលសេចក្តីរាយការណ៍កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ សហការជាមួយកម្លាំងជំនាញការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះទៅដល់កន្លែងកើតហេតុធ្វើការសាកសួរពិនិត្យវិភាគ និងប្រមូលវត្ថុតាងនៅជុំវិញកន្លែងកើតហេតុ ។
ក្រោយមកសមត្ថកិច្ចបានស្វែងរកអត្តសញ្ញាណជនរង គ្រោះដែលដេកស្លាប់មានឈ្មោះ ណាំ ចាន់ធូ ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ រីឯក្មេងស្រីដែលនៅជាមួយសាក សពមានឈ្មោះ ណូន សៀវហ្វាន អាយុ ៣ឆ្នាំ (ត្រូវជាក្មួយរបស់សព)។ បន្ទាប់ពីពិនិត្យសាកសពចប់សព្វគ្រប់រួចមកប្ដីរបស់សាកសពឈ្មោះ សៅ ផាន ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិការ ប្រពន្ធខ្លួនបានបាត់ពីផ្ទះជាមួយនឹងក្មួយដោយបានទៅព្យាបាលជម្ងឺនៅផ្ទះគ្រូពេទ្យឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។
ក្រោយទទួលបានព័ត៌មានខាងលើហើយសមត្ថកិច្ចបានអញ្ជើញឈ្មោះ ហៀង សុងហាក់ ហៅង៉ែត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ និងបានអញ្ជើញឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកបាទី។
ក្រោយសាកសួររួចឈ្មោះ ស៊ុន ម៉ារីណា ឆ្លើយសារភាពថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានឈ្មោះ ណាំ ចាន់ធូ បានមកពិនិត្យ និងពិគ្រោះជម្ងឺនៅបន្ទប់ពិគ្រោះជម្ងឺសុងហាក់ ម៉ារីណាស្ថិតនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ដោយពិនិត្យឃើញអ្នកជម្ងឺឈឺ រលាកក្រពះ រលាកសួត ជម្ងឺហត់ចុកទ្រូង និងលើសឈាម។ បន្ទាប់មកឈ្មោះ ស៊ុន ម៉ារីណា បានប្រាប់ទៅអ្នកជម្ងឺឈ្មោះ ណាំ ចាន់ធូ ព្យាបាលរយ:ពេល ០៥ថ្ងៃ ហើយឈ្មោះ ណាំ ចាន់ធូ សុំព្យាបាលរយ:ពេល ៣ថ្ងៃ ដោយចាប់ផ្ដើមព្យាបាលលើកទី០១ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើថ្នាំ វីតមីនសេ 1g ស៊ីមេទីឌីន 200g សង់តាមីសីន 80mg។ ព្យាបាលលើកទី០២ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល និងលើកទី៣ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល ។
ខណៈនោះឈ្មោះ ណាំ ចាន់ធូ បានប្រតិកម្មជាមួយថ្នាំស្លាប់តែម្ដង។ ក្រោយឈ្មោះ ណាំ ចាន់ធូ ស្លាប់ ឈ្មោះ ស៊ុន ម៉ារីណា មិនបានប្រាប់ប្ដីទេ រហូតដល់វេលាម៉ោង ២១ ឈ្មោះ ស៊ុន ម៉ារីណា ក៏បានយកសពដាក់រថយន្តម៉ាក ហ្វតពីអេសតា ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2U-0700 របស់ខ្លួនយកសពទៅផ្លុងចោលនៅចំណុចភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក៏បន្តដំណើរទៅមើលឪពុកឈឺនៅឯខេត្តតាកែវ រហូតដល់វេលាម៉ោង ២២ និង ៣០ នាទី ទើបត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏មិនបាននិយាយរៀបរាប់ដំណើររឿងប្រាប់ប្ដីដែរព្យាយាមលាក់ ។
ប្រភពខ្សិបខ្សៀវថា នេះជាចម្លើយក្នុងចេតនាមួយចង់ឱ្យប្ដីរួចផុតពីការចោទប្រកាន់ពីសំណាក់សមត្ថកិច្ច។ ក្នុងចេតនាមួយដែលប្រភពបានឲ្យដឹងថា មានគេកំពុងសម្របសម្រួលដើម្បីឲ្យបុរសជាប្ដីនៃក្រុមគ្រួសារគ្លីនិកខាងលើបានរួចផុតពីការចោទប្រកាន់ ដោយទម្លាក់ កំហុសតែទៅលើស្ត្រីជាភរិយានៃគ្រួសារពេទ្យនេះតែ ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយគេរំពឹងថា ស្ថាប័នជំនាញក៏ដូចជាមន្ទីរសុខាភិបាលខេត្តតាកែវស្រាវជ្រាវរកការពិតករណីនេះឲ្យបានជាក់លាក់ ដើម្បីយកអ្នកប្រព្រឹត្តល្មើសមកផ្ដន្ទាទោសហើយត្រឹមត្រូវតាមច្បាប់៕