សង្គម

បទល្មើសនេសាទព្រែកឆ្លូង ដាក់ដាយរាប់រយកន្លែងយកលុយរាប់ម៉ឺនដុល្លារចែកគ្នាពីក្បាលដល់ចុងជើងដឹកនាំដោយលោកនាយខណ្ឌ

ខេត្តក្រចេះ÷ គេរាយការណ៍ថា អធិការដ្ឋានជលផលទន្លេមេគង្គសហការជាមួយអាជ្ញាធរខេត្តក្រចេះ,រដ្ឋបាលជលផលខេត្តដឹកនាំដោយលោកម៉ុក ពន្លក បានរៀបចំឲ្យឈ្មួញដាក់ដាយនៅព្រែកឆ្លង រយៈពេលប៉ុន្មានថ្ងៃមកនេះ នៅគ្រាដែលទឹកកំពុងស្រកខ្លាំង។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ការងារនេះបានរៀបចំជាប្រព័ន្ធដោយមានការស្រុះស្រួលគ្នារវាងសមត្ថកិច្ចជំនាញ ក្រសួងកសិកម្ម និងរដ្ឋបាលជលផលខេត្តក្រចេះ។ ដូច្នេះ មិនមានអ្វីជាឧបសគ្គសម្រាប់ប្រមូលផលនេសាទនៅព្រែកឆ្លូងនេះទេ។

ដាយខ្នាតធំៗយ៉ាងហើយណាស់ជាង១០០កន្លែង និងតូចៗរាប់រយកន្លែងទៀត ដែលត្រៀមបម្រុងរួចជាស្រេចដើម្បីប្រមូលផលនេសាទ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ។ ប្រភពពីប្រជានេសាទបានឲ្យដឹងថា នៅ ក្នុងបណ្ដាដាយធំៗ ដែលអាចប្រមូលបានផលត្រីរាប់តោនក្នុង១ថ្ងៃៗនោះត្រូវបង់ជូនសមត្ថកិច្ចជំនាញចំនួន ៣លានរៀលឬខ្លះ១០០០ដុល្លារ។ រីឯដាយតូចៗក៏ត្រូវបង់យ៉ាងតិចក៏១លានរៀលដែរ។ ប្រភពរាយការណ៍ថា វាជាទម្លាប់ដែលគេតែងតែធ្វើ(ដាក់ដាយ)នៅរដូវទឹក សម្រករៀងរាល់ឆ្នាំកន្លងមក ដូច្នេះគ្មានអ្វីជាឧបសគ្គសម្រាប់ការដាក់របាំងកាត់ព្រែកឆ្លូងនៅឆ្នាំនេះទេ។

ព្រែកឆ្លូងគឺជាព្រែកធំ១ស្ថិតក្នុងស្រុកឆ្លង ខេត្តក្រចេះទាំងអាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានឃុបឃិតគ្នាជារៀងរាល់ឆ្នាំ ក្នុងការអនុញ្ញាតឲ្យឈ្មួញដាក់ដាយដើម្បីប្រមូលផលនេសាទនៅរដូវទឹកសម្រក។ ប្រភពបានឱ្យដឹងថា មិនមែនត្រឹមតែមន្ត្រីជំនាញថ្នាក់ខេត្តតូចតាចជាអ្នកឈរធ្វើការងារនេះទេ ប៉ុន្តែគឺមានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាអ្នករៀបចំឲ្យមានការសម្របសម្រួលដើម្បីដាក់ដាយ នៅព្រែកឆ្លូងនេះទៀតផង។ ប្រភពខ្សឹបខ្សៀវថា ចំណូលដែលប្រមូលបានពីការអនុញ្ញាតឲ្យឈ្មួញដាក់ដាយនៅព្រែកឆ្លូងរាប់ម៉ឺនដុល្លារនោះត្រូវបានបែងចែករួចរាល់អស់ហើយ។

ករណីនេះគេមិនដឹងថា តើលោកពុំ សុថា នាយករដ្ឋបាលជលផល ឬ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលោកវ៉ា ថន អភិបាលខេត្តក្រចេះ បាន ដឹងអំពីបញ្ហាព្រែកឆ្លូងដែលត្រូវគេអង្កន់លក់នេះ ដែរឬយ៉ាងណានោះទេ?។ យ៉ាងណាក៏ដោយ មន្ត្រីសមាជិកក្រុមប្រឹក្សាស្រុកឆ្លូងមួយរូបនិយាយបែបទំនងថា បើមិនឱ្យដាក់ដាយ ក៏ផលនេសាទនោះត្រូវរត់ចូលទន្លេ ចុះទៅក្រោមបាត់អស់ដែរ? ដូច្នេះវាត្រូវតែមានការដាក់ដាយ ឬឧបករណ៍នេសាទផ្សេងទៀត ដើម្បីប្រមូលផលនេសាទខ្លះ សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋធ្វើប្រហុកផ្អក? ប៉ុន្តែយ៉ាងណាក៏ដោយ អ្វីដែលគេចង់និយាយគឺការអនុញ្ញាតឲ្យឈ្មួញដាក់ដាយដើម្បីយកលុយកាក់ចែកគ្នាក្នុង ចំណោមពួកអ្នកមានអំណាច និងសមត្ថកិច្ចជំនាញ៕