កណ្តាល ៖ អ្នកស្នេហាបក្សីកីឡាភ្នាល់ដាក់ប្រាក់ខុស ច្បាប់,អ្នកព្យាបាលមាន់ និងអ្នកឈរមើលចំនួន១៩នាក់ ដែលរត់មិនរួចត្រូវបានឃាត់ខ្លួនដកហូតម៉ូតូ១៣គ្រឿង ទូរសព្ទ័១៨គ្រឿង,ប៉ុងស៊ីសង កន្ត្រកដាក់មាន់ចំនួន៦ មាន់ជល់៦ក្បាល និងសម្ភារៈមួយចំនួនទៀត កសាងសំណុំរឿងបញ្ជូនទៅតុលាការ៖
វរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៦ វិច្ឆកា ២០២៤កន្លងទៅ នៅចំណុចដីឡូត៍ទុកចោល (ចំការមៀន) មួយកន្លែង ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ជាលទ្ធផល ឃាត់បានមនុស្សចំនួន១៩នាក់ ដកហូតទូរសព្ទ័១៨គ្រឿង ម៉ូតូ១៣គ្រឿង មាន់ជល់៦ក្បាល កន្ត្រកដាក់មានចំនួន៦ ខ្នាយមាន់សម្រាប់ ត ១គូ ស្កុតរុំខ្នាយមាន់ និងបុងសម្រាប់ចាក់ស៊ីសងមួយចំនួន។
លោកអធិការបានបញ្ជាក់ថា ក្រោមបទបញ្ជារដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអន្តរាគមន៍ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះទៅដល់ទីតាំងជល់មាន់មួយកន្លែងខាងលើ និងបានឡោមពទ្ធ័ចាប់ឃាត់ជនសង្ស័យ រួមមានទាំង អ្នកលេងជល់មាន់ភ្នាល់ដាក់លុយខុសច្បាប់ អ្នកព្យាបាលមាន់ និងអ្នកឈរមើលចំនួន១៩នាក់ រួមជាមួយវត្ថុតាង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធី។
ក្រោយឃាត់ខ្លួនអ្នកទាំង១៩នាក់ បានឆ្លើយថា ពួកគេ មិនមែនជាអ្នកលេងជល់មាន់ភ្នាល់ដាក់ប្រាក់ទាំងអស់នោះទេ មានខ្លះក៏ជាអ្នកចាំព្យាបាលមាន់ជល់ដែលត្រូវរបួសក្រោយប្រកួត និងខ្លះទៀតក៏ជាអ្នកឈរមើលគេជល់មាន់ ដែរ៕