ក្រសួងការងារបានឲ្យដឹងថា ព្រឹតិ្តការណ៍ពិព័ពរណ៍ការងារ និងផលិតភាពឆ្នាំ២០២០ ដែលធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញកាលពីចុងសប្តាហ៍នេះ តាមរយៈគេហទំព័រ www.careerfair.nea.gov.kh ទទួលបានអ្នកចូលទស្សនារាប់ម៉ឺននាក់ ព្រមទាំងមានការដាក់ពាក្យស្នើសុំការងារ យ៉ាងសន្ធឹកសន្ធាប់ផងដែរ។
បើតាមការបញ្ជាក់របស់ក្រសួងការងារថា គិតត្រឹមម៉ោង៦:០០ ល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកាដែលជាថ្ងៃបញ្ចប់នៃពិព័រណ៍ការងារអនឡាញនោះ មានមុខតំណែងចំនួន ៣៦៦ ដែលផ្តល់ឱកាសការងារទំនេរចំនួន ៥,៥២២ កន្លែង ត្រូវបានដាក់ពាក្យដោយអ្នកស្វែងរកការងារពីគ្រប់ទិសទី ស្មើនឹងចំនួន១,៥០៨ ប្រវត្តិរូប ពីក្នុងចំណោមអ្នកចូលរួមទស្សនា ប្រមាណ៣ម៉ឺននាក់។
ជាមួយគ្នានេះដែរ ក្រសួងក៏បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រសម្រាប់ការរៀបចំព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ ព្រមទាំងអរគុណដល់ក្រសួង ស្ថាប័ន អង្គការជាតិ-អន្តរជាតិ និងក្រុមហ៊ុនទាំងអស់ដែលបានចូលរួមតាំងផ្សព្វផ្សាយ និងចូលរួមចំណែកការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងដំណាក់កាលដែលជំងឺកូវីដកំពុងបង្កហានិភ័យនេះ៕