ឈ្មួញដឹកគ្រឿងសង្ហារឹមជើងខ្លាំងពីរនាក់ប្ដីប្រពន្ធ ត្រូវបានលោកតាន់ គឹមសួរ អញ្ជើញសមត្ថកិច្ចជំនាញឲ្យចូលរួមបង្ក្រាប នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រការនេះធ្វើឲ្យគេយល់ ថា ជាការវ៉ៃបំបែកឆ្នាំងបាយពួកមន្ត្រីមានសមត្ថកិច្ច គ្រប់ផ្នែក គ្រប់ស្ថាប័ននៅខេត្តមណ្ឌលគិរី។ មិនតែប៉ុណ្ណោះ វាបានបង្ហាញអំពីភាពកំសោយ នៃអាជ្ញាធរមានសមត្ថកិច្ចរួមទាំងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តមណ្ឌលគិរីនោះផង។ បើទោះជាយ៉ាងណា មជ្ឈដ្ឋានប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការនេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ ជិត១០នាក់និងលោក តាន់ គឹមសួរ នៅវេលាម៉ោង២ យប់រំលងអធ្រាត បានធ្វើប្រតិបត្តិការដោយឃាត់បានរថយន្តដឹកគ្រឿងសង្ហារឹមរបស់ជនល្បីឈ្មោះពីរនាក់ប្ដីប្រពន្ធគឺចែខុមនិងស្វាមី ដែលក្នុងនោះមានរថយន្តដឹកទ្វារចំនួន ៤គ្រឿងនិងរថយន្តដឹកងឿ១គ្រឿង។ ប្រតិបត្តិការនេះក្រុមលោក តាន់ គឹមសួរ ចាប់បានម្ចាស់គ្រឿងសង្ហារឹមពីរនាក់ប្ដីប្រពន្ធចែខុមនិងស្វាមី រួចហើយក៏បានហៅមន្ត្រីបរិស្ថាននៃស្នាក់ការកែវសីមាឲ្យមកទទួលយកវត្ថុតាងនិងជនបង្កទៅចាត់ចែងតាមនីតិវិធី។ រហូតដល់ព្រឹកថ្ងៃទី១៣ខែវិច្ឆិកា នេះជនល្បីឈ្មោះខាងដឹកជញ្ជូនគ្រឿងសង្ហារឹមទាំងពីរនាក់ប្ដីប្រពន្ធ ស្ថិតនៅក្នុងស្នាក់ការបរិស្ថានកែវសីមានៅឡើយ។
មន្ត្រីបរិស្ថាន នៅដែនជម្រកសត្វព្រៃកែវសីមា ព្យាយាមមិនធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ សូម្បីតែការចូលទៅថតរូបរថយន្តដឹកបទល្មើស និងជនដែលប្រព្រឹត្តល្មើសក៏មិនបានដែរ។ យ៉ាងណាក៏ដោយ បើតាមសេចក្តីរាយ ការណ៍បានឲ្យដឹងថា តែខុមនិងស្វាមីដែលមានទីលំនៅក្នុងភូមិសាស្ត្រពូជ្រៃ ស្រុកពេជ្រដា១កន្លែងនិងនៅទីរួម ខេត្ត១កន្លែង។ សន្លឹកទ្វារមួយចំនួនត្រូវគេប្រាប់ថា បានដឹកចេញពីតំបន់មេម៉ង់ យកមកលាក់ទុកក្នុងផ្ទះរបស់គាត់នៅក្រុងសែនមនោរម្យ និងមួយចំនួនទៀតបានដឹកពីផ្ទះរបស់គាត់នៅឯពូជ្រៃយកមកទុកនៅទីរួមខេត្ត មុនដឹកបន្តសំដៅមកភ្នំពេញ។
អ្វីដែលជាការដ៏សំខាន់នោះគឺបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើនៅតែកើតមាន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីជាពិសេសនៅក្នុងតំបន់ដែនជម្រក។ តើគ្រឿងសង្ហារឹមនេះកើតចេញពីដីឥដ្ឋ ឬកើតចេញពីឈើ? បើគ្រឿងសង្ហារឹមទាំងនោះ កើតចេញពីឈើ ត្រូវតែមានការកាប់បំផ្លាញដើមឈើ ដែលមានតែនៅក្នុងដែនជម្រកសត្វព្រៃតែប៉ុណ្ណោះ។ ប្រភពបានរាយការណ៍ថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិចក្រោមការកាន់កាប់ដឹកនាំរបស់លោកព្រហ្ម វិបុលរតនៈ ប្រធានការិយាល័យ នៅតែកើតមានយ៉ាងសកម្ម។ ជាក់ ស្ដែងគ្រឿងសង្ហារឹម ដែលមានប្រភពពីឈើទាំងនេះ គឺត្រូវបានកាប់ដឹកចេញពីតំបន់ភ្នំព្រិចទាំងអស់។ សន្លឹក ទ្វារទាំងនោះ ត្រូវបានផលិតឡើងនៅតាមរោងសិប្បកម្មនានាក្នុងតំបន់មេម៉ង់នៃដែនជម្រកសត្វព្រៃភ្នំព្រេច។
នេះគឺជាបញ្ហាដែលមិនពិបាកយល់ទេ ប្រសិនបើថ្នាក់ ដឹកនាំក្រសួងបរិស្ថាន មានចេតនាក្នុងការបង្ក្រាបបទ ល្មើស ឬបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើ។ ទាំង នេះជាភស្តុតាងបង្ហាញឲ្យឃើញថា ការកាប់បំផ្លាញព្រៃ ឈើនៅតំបន់អភិរក្សភ្នំព្រិច នៅតែកើតមានដែលទាម ទារឲ្យថ្នាក់ដឹកនាំក្រសួងបរិស្ថាន ពិនិត្យលទ្ធភាពមើលការដឹកនាំរបស់លោកព្រហ្ម វិបុលរតនៈឲ្យបានស៊ីជម្រៅមិនមែនត្រឹមតែលោកឆ្លើយថា មិនដឹង ហើយរួចខ្លួនដូចសព្វថ្ងៃនេះទេ៕