ប្រភពពីសារព័ត៌មាន Reuter ឱ្យដឹងថា លោក Trump និងលោក Putin បានជួបជជែកតាមទូរសព្ទជាមួយគ្នានៅប៉ុន្មានថ្ងៃចុងក្រោយថ្មីៗនេះ ស្របពេលដែលលោក Donald Trump ក៏បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃពុធកន្លងទៅផងដែរ។ កន្លងមក លោក Trump ធ្លាប់បានរិះគន់ទៅលើទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកទៅលើអ៊ុយក្រែន ហើយលោកក៏ធ្លាប់បានប្តេជ្ញាបញ្ចប់សង្គ្រាមនេះឱ្យឆាប់រហ័សបំផុតផងដែរ។
ក្រសួងការបរទេសអ៊ុយក្រែនលើកឡើងថា ខ្លួនមិនបានទទួលដំណឹងអំពីការហៅទូរសព្ទរវាងលោក Trump និងលោក Putin នេះឡើយ ហើយអ៊ុយក្រែនក៏មិនអាចធ្វើអ្វីបានជុំវិញរឿងរ៉ាវនេះដែរ។ លោក Steven Cheung នាយកផ្នែកទំនាក់ទំនងរបស់លោក Trump បានឆ្លើយតបជុំវិញបញ្ហានេះថា «យើងមិនធ្វើអត្ថាធិប្បាយណាមួយលើការហៅទូរស័ព្ទឯកជនរវាងប្រធានាធិបតី Donald Trump ជាមួយមេដឹកនាំពិភពលោកផ្សេងទៀតនោះទេ»។ ដោយឡែក ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក៏មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការចុះផ្សាយព័ត៌មានខាងលើដូចគ្នា។
គួរបញ្ជាក់ថា លោក Trump នឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិកនាថ្ងៃទី២០ ខែមករាខាងមុខនេះ ខណៈមានការចុះផ្សាយព័ត៌មានថា លោក Biden បានអញ្ជើញលោក Trump មកកាន់ការិយាល័យប្រធានាធិបតីកាលពីថ្ងៃពុធដូចគ្នា។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា សារសំខាន់បំផុតរបស់លោក Biden គឺជាការប្តេជ្ញាចិត្តរបស់លោកដើម្បីធានាការផ្ទេរអំណាចដោយសន្តិវិធី ហើយប្រធានាធិបតី Biden និងលោក Trump ក៏បានជជែកគ្នាជុំវិញបញ្ហាដែលកំពុងកើតមាននៅតំបន់អឺរ៉ុប, អាស៊ី និងនៅមជ្ឈិមបូព៌ាផងដែរ។ លោក Jake Sullivan បានលើកឡើងថា លោក Biden នៅសល់ពេលប្រមាណជា ៧០ថ្ងៃទៀត ដែលលោកនឹងអាចជំរុញទៅកាន់សភា ក៏ដូចជារដ្ឋបាលរបស់ លោក Trump កុំឱ្យសហរដ្ឋអាមេរិកបោះបង់ចោល និងដើរចេញពីអ៊ុយក្រែន ដែលវានឹងអាចនាំឱ្យមានអស្ថិរភាពកាន់តែខ្លាំងឡើងនៅទ្វីបអឺរ៉ុប៕