សង្គម

មហន្តរាយយ៉ាងធំកំពុងកើតមាននៅតំបន់អភិរក្សអន្រ្ទងក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី÷ រូបភាពអំពីការកាប់បំផ្លាញព្រៃឈើថ្មីៗ នៅតំបន់អន្ទ្រងស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច នៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីបានបង្ហាញអំពីមហន្តរាយថ្មីទៀតនៃការកាប់បំផ្លាញព្រៃឈើ។ ប្រធានការិយាល័យ ដែនជម្រកសត្វ ព្រៃភ្នំព្រិចលោកព្រហ្ម វិបុលរតនៈ មិនបានដឹងអំពីបញ្ហានេះទេ។ ប៉ុន្តែទំហំនៃមហន្តរាយនេះ បើឆ្លើយថាមិនដឹងបែបនេះដូចជាមិនទំនង?

រូបភាពជាច្រើនដែលត្រូវបានថត កាលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៤ បង្ហាញឲ្យឃើញអំពីគំនរឈើ និងគល់ឈើដែលទើបអារផ្ដួលថ្មីៗនៅតំបន់ព្រៃសហគមន៍អន្ទ្រង ដែលគេដឹងថា ស្ថិតនៅក្នុងដែនសមត្ថកិច្ចតំបន់អភិរក្សភ្នំព្រិច មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ ប្រភពបានឲ្យដឹងថា ក្រៅពីអាផ្ដួលដើមឈើធំៗក៏មានការកាប់បំផ្លាញដើមឈើតូចៗយកធ្វើជាអុសផងដែរ។ គេថា មានក្រុមហ៊ុនមួយចូលទៅកាប់អុសព្រៃនៅតំបន់នោះ ក្នុងទ្រង់ទ្រាយធំដែលបង្កឲ្យមានមហន្តរាយយ៉ាងខ្លាំង។

បើតាមប្រភពបានរាយការណ៍ថាសកម្មភាពអាឈើបែបអនាធិបតេយ្យ នៅត្រង់ចំណុចព្រំប្រទល់ព្រៃសហគមន៍អន្ទ្រងសាមគ្គីមានជ័យ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមិនមានការទប់ស្កាត់ពីមន្ត្រីបរិស្ថាននៅក្នុងតំបន់នោះឡើយ។ ភាពស្ងៀមស្ងាត់ របស់ស្ថាប័នជំនាញទាំង នេះនាំឲ្យមានមន្ទិលសង្ស័យថា អាចមានការត្រូវរូវគ្នារវាងពួកមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះ ជាមួយនឹងឈ្មួញកាប់ឈើ ។ បើតាមប្រភពរាយការណ៍ថា ការកាប់ឈើទាំងនោះមានទំហំធំដែលបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងដល់ធនធានធម្មជាតិ។

គេរាយការណ៍ថា ពួកឈ្មួញដឹកឈើទាំងនោះចេញមកព្រំប្រទល់ខេត្តក្រចេះយកទៅទម្លាក់ទឹកទន្លេមេគង្គ។ រីឯមន្ត្រីជំនាញដែលមានភារកិច្ចការពារព្រៃឈើនៅតំបន់នោះត្រូវគេខ្សឹបថាបានទទួលផលប្រយោជន៍ទៅតាមឋានៈនិងតួនាទី ទើបបណ្ដោយឲ្យមានការកាប់ឈើតាម អំពើចិត្តយ៉ាងដូច្នេះ។ ប្រភពព័ត៌មានដែលទៅដល់ទី នោះរាយការណ៍ថា ការកាប់ឈើនៅតំបន់ព្រំប្រទល់អន្ទ្រងនៅដែនសមត្ថកិច្ចភ្នំព្រិចតែងតែកើតមានហើយពួកមន្ត្រីបរិស្ថានតែងតែឆ្លើយថាមិនដឹងដោយសំអាងថាមិន បានឃើញនិងមិនបានទៅដល់។

លោកព្រហ្ម វិបុលរតនៈ ប្រធានការិយាល័យដែនជម្រក សត្វព្រៃភ្នំព្រិចបានអះអាងប្រាប់អ្នកកាសែតននៅព្រឹកថ្ងៃទី 5 ខែវិច្ឆិកានេះថា លោកមិនបានដឹងអំពីបញ្ហាកាប់ឈើនៅតំបន់ព្រៃសហគមន៍អន្ទ្រងនោះទេ។ យ៉ាងណា ក៏ដោយលោកនឹងចាប់ឲ្យមន្ត្រីក្រោមឱវាទ ចុះទៅមើលភ្លាមដើម្បីឲ្យដឹងប្រាកដថាតើវាយ៉ាងដូចម្ដេច។ លោកអរគុណដល់អ្នកកាសែត ដែលបានផ្ដល់ព័ត៌មានអំពីបញ្ហានេះប៉ុន្តែថា តើវិធានការបន្ទាប់ទៅទៀតយ៉ាងណានោះមិនទាន់ដឹងនៅឡើយ។

បើតាមប្រភពបានបន្ថែមថា អ្វីដែលជាការអះអាងរបស់លោកព្រហ្ម វិបុលរតនៈ នោះគ្រាន់តែជាវិធីដោះសារតែ ប៉ុណ្ណោះពីព្រោះបទល្មើសមាឌទំហំទ្រង់ទ្រាយធំ ហើយនៅក្បែរស្នាក់ការ មន្ត្រីបរិស្ថានដែលប្រចាំការនៅតំបន់អន្ទ្រងនោះទៀតផង។ យ៉ាងណាក៏ដោយគេរំពឹងថា ថ្នាក់ដឹកនាំក្រសួងបរិស្ថាននិងចាត់ក្រុមមន្ត្រីឲ្យទៅមើលដល់ទីកន្លែងដើម្បីឲ្យប្រាកដថាតើពិតជាមានការកាប់ឈើដ៏មហន្តរាយនៅតំបន់អន្ទ្រងនោះមែនឬទេ?៕