ព័ត៌មានជាតិ

សម្តេចតេជោស្នើសមត្ថកិច្ច​នាំខ្លួនលោក លី សាម៉េត បញ្ជូនទៅតុលាការ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅ​រសៀលថ្ងៃនេះ បាន​ស្នើ​ដល់សមត្ថកិច្ច មិន​ថា ប៉ូលិស ឬកងរាជអាវុធហត្ថ សូមចាត់វិធានការ​ដោយនាំខ្លួន លោក លី សាម៉េត ហៅគ្រូធំ បញ្ជូនទៅកាន់តុលាការ​ដើម្បីកាត់ទោស​តាមច្បាប់។

តាមរយៈ​បណ្តាញ​សង្គម សម្តេចតេជោ​បានបញ្ជាក់ថា «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសុំទោស​មួយ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួន ហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។

សម្តេចតេជោ ក៏​បានលើកឡើងពីករណីដែលលោក លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់​ទោស តែយ៉ាងណាសម្តេចបញ្ជាក់ថា ករណីនេះមិនអាចធ្វើបានឡើយ ដូច្នេះនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ហើយ​សម្តេចសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ។

សូម​បញ្ជាក់ដែរថា ក្រោយ​ពី​រត់គេចខ្លួនអស់មួយ​រយៈ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លី សាម៉េត ហៅគ្រូធំ ដែល​បានប្រើប្រាស់​ឈ្មោះថ្នាក់ដឹកនាំ​ដើម្បីបោកប្រាស់អ្នកចង់បានតំណែងតួនាទីក្នុងជួររដ្ឋាភិបាល​រាប់លានដុល្លារ បានចេញវីដេអូរ​ដោយសារភាពនូវកំហុសទាំងអស់ ហើយ​ក៏​សុំ​ឱ្យ​មានសន្តោស​ពីសម្តេច​តេជោ ដែលខ្លួនបានប្រព្រឹត្ត​ខុសឆ្គង​នាពេលកន្លងមក៕