ខេត្តពោធិ៍សាត់÷ ពលរដ្ឋអ្នកភូមិ នៃភូមិឧបសម្ព័ន្ធប្រមោយមន្ទីរពេទ្យ ស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ច្រើនជាង១០គ្រួសារបានចោទមន្ត្រីសាលាស្រុកវាលវែង គំរាមកំហែងពួកគាត់ឲ្យចាកចេញ ពីលំនៅឋានដើម្បីយកដីធ្លី ដោយសំអាងថា ពួកគាត់មកតាំងទីលំនៅខុសច្បាប់។ ប្រជាពលរដ្ឋស្នើសុំ ទៅប្រមុខរាជរដ្ឋាភិបាលសម្ដេចបវធិបតីហ៊ុនម៉ាណែត ពិនិត្យពិច័យចំពោះរឿងនេះ គឺព្រោះថា វាហាក់ដូចជាការគំរាមកំហែងច្រើនជាងច្បាប់ទម្លាប់។
តំណាងប្រជាពលរដ្ឋប្រាប់អ្នកកាសែតថា មន្ត្រីសាលា ស្រុកវាលវែងឈ្មោះហង្ស ប៊ុនថន បានគំរាមកំហែងពួក គាត់ឲ្យចាកចេញពីលំនៅឋានដោយសំអាងថា ពួកគាត់ជាអ្នករស់នៅដោយខុសច្បាប់លើដីរបស់រដ្ឋ។ ដូច្នេះបើមិនចង់មានរឿងរ៉ាវវែងឆ្ងាយទេនោះ ត្រូវតែចាកចេញពីលំនៅដ្ឋាន ឬត្រូវផ្លាស់ប្ដូរទីលំនៅចេញដោយគេ ប្រគល់ដីធ្លីថ្មីសម្រាប់ចែកជូនពួកគាត់។ យ៉ាងណា ក៏ដោយប្រជាពលរដ្ឋទាំងនោះយល់ឃើញថា វាគ្រាន់តែការគំរាមកំហែង របស់មន្ត្រីថ្នាក់ក្រោមនោះតែប៉ុណ្ណោះ ពីព្រោះពួក គាត់មិនបានឃើញមានច្បាប់ទម្លាប់ថ្នាក់ជាតិចេញដោយរាជរដ្ឋាភិបាលនៅឡើយទេ។
នៅក្នុងភូមិឧបសម្ព័ន្ធដែលទើបបង្កើតថ្មីនេះ អ្នកខ្លះបានមកតាំងទីលំនៅច្រើនជាង១០ឆ្នាំមកហើយ, ពោលគឺតាំងពីឆ្នាំ 2000 ជាង និងអ្នកខ្លះ៥,៦ឆ្នាំមកហើយ ដោយបានកសាងលំនៅដ្ឋានរស់នៅសមរម្យ និងមានដំណាំហូបផ្លែដើមឈើធំៗណាស់ទៅហើយដែរ។ អ្នកភូមិបាននិយាយថា ពួកគាត់បានមកតាំងទីលំនៅដែលមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ និងមួយចំនួនមានការទិញលក់ដីធ្លីនិងកាន់កាប់ដោយស្របច្បាប់។ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះស្រាប់តែមន្ត្រីសាលា ស្រុកវាលវែង ហាក់ដូចជាប្រើសិទ្ធិ នៃការគំរាមកំហែងកៀបសង្កត់មកលើប្រជាពលរដ្ឋឲ្យចាកចេញ ពីលំនៅដ្ឋានដើម្បីយកដីប្រគល់ជូនរដ្ឋ។
តាមអ្នកភូមិនិយាយថា លោកហង្ស ប៊ុនថា មន្ត្រីសាលា ស្រុកវាលវែង,លោកភី សុផាតមេភូមិប្រមោយមន្ទីរពេទ្យឧបសម្ព័ន្ធ និងលោកសាន ចាន់ធី មេឃុំប្រមោយ ជាអ្នក ឃុបឃិតគំរាមកំហែងប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់អូរ២ ប៉ុនប៉ងយកដីប្រជាពលរដ្ឋ ដែលខ្លះកាន់កាប់យូរឆ្នាំមកហើយ ឬខ្លះបានពីការទិញតគ្នាដោយមានការដឹងឮពីអាជ្ញាធរ។ នៅពេលដែលពួកគេដឹងថា អ្នកភូមិទាំងនោះមានការចេះដឹងតិចតួច។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបាននិងកំពុង រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសតាមរយៈប្រពន្ធផ្សព្វផ្សាយព័ត៌មាន ស្នើឲ្យប្រមុខរាជរដ្ឋាភិបាលសម្ដេចបវរធិបតីហ៊ុនម៉ាណែត ពិនិត្យបច័្ចយមើល ករណីមន្ត្រីសាលាស្រុកវាលវែង ដែលកំពុងគម្រាមកំហែងប្រជាពលរដ្ឋនោះផងថា តើផែនការបណ្ដេញប្រជាពលរដ្ឋនោះគឺជាគោល ការណ៍ច្បាប់របស់រាជរដ្ឋាភិបាលឬយ៉ាងណា?
ឆ្លើយតបនឹងបញ្ហានេះ លោកភី សុផាត មេភូមិប្រមោយមន្ទីរពេទ្យឧបសម្ព័ន្ធ បានប្រាប់អ្នកកាសែតថា ការស្នើឲ្យប្រជាជនចាកចេញពីលំនៅដ្ឋានលើដីរបស់រដ្ឋនោះ គឺជាកិច្ចការរបស់រាជរដ្ឋាភិបាល មិនមែនជាការនឹកឃើញធ្វើ ឡើងដោយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក-ខេត្តនោះទេ។ លោកមេភូមិបញ្ជាក់ថា កិច្ចការនេះមានច្បាប់ទម្លាប់ត្រឹមត្រូវហើយប្រជាពលរដ្ឋមិនអាចប្រឆាំងបានឡើយ។ ទោះយ៉ាងណាក៏ដោយលោកមេភូមិហាក់ដូចជាបញ្ជាក់ដោយការគំរាមបន្តិចផងដែរថា ក្នុងនាមអាជ្ញាធរមិនចង់ឃើញមានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានចាប់ខ្លួនព្រោះ តែការរារាំងប្រឆាំង នឹងកិច្ចការងារនេះទេ។ ដូច្នេះអ្វីដែលអាជ្ញាធរមូលដ្ឋានបានស្នើកន្លងមក គឺចង់ឲ្យប្រជាពលរដ្ឋរើចាកចេញដោយសន្តិវិធី។
មេឃុំប្រមោយមិនឆ្លើយតបជាមួយអ្នកកាសែតតាមប្រព័ន្ធតេឡេក្រាមនោះទេ នៅរសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤៕