សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណីផ្សេងគ្នា!

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណី ផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់។

ការបង្ក្រាបករណីលួចទាំងពីរខាងលើ រួមមាន ៖

១/.កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០១និង៥០នាទី រំលងអធ្រាត មានជនសង្ស័យ០១នាក់ បានធ្វើសកម្មភាព លួចដោះយកបន្ទះទ្វារដែក នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅចំណុច ដីឡូតិ៍ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានសន្តិសុខយាមនៅក្បែរនោះ ទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឡាង វិច្ឆិកា ភេទប្រុស អាយុ ៣០ឆ្នាំ យកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។ ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកបន្ទះទ្វារដែក នៅក្នុងការដ្ឋានសំណង់ខាងលើ ពិតប្រាកដមែន។ កន្លងមកខ្លួន និងបក្ខពួកម្នាក់ទៀត ធ្លាប់បានធ្វើសកម្មភាពលួចដែក គម្របម៉ាស៊ីនស្ទូចម្តងមកហើយ។

២/.កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ប្រមាណ ១៧ និង០០នាទី កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរស័ព្ទបន្ទាន់លេខ ១២៩១ ថាមានករណី ជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពលួច ម៉ូតូកង់បី (ផាសអាប់) ០១គ្រឿង ដែលម្ចាស់បានចត នៅចំណុច មុខខារ៉ាអូខេ លីដូផាលេស ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះដល់កន្លែងកើតហេតុ សហការជាមួយជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផន សុភា ភេទប្រុស អាយុ ៣១ឆ្នាំ យកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។ ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច ម៉ូតូកង់បី (ផាសអាប់) របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ ប្រើប្រាស់គ្រឿងញៀន និងធ្លាប់បានសមត្ថកិច្ចនគរបាលចាប់ខ្លួនយកទៅដាក់មណ្ឌលកែប្រែ ឱកាសខ្ញុំ រយៈពេល០៣ខែផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕