បើតាមកាលវិភាគដែលបានគ្រោងទុក នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋសភាជាតិនឹងបើកសម័យប្រជុំលើកទី៤ នីតិកាលទី៦ ក្រោយពីសម័យប្រជុំរដ្ឋសភាលើកទី៣ បានបិទកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០, តែដើម្បីចូលរួមអនុវត្តនូវវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចមិនអញ្ជើញតំណាងរាស្រ្ត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធីបើកនេះទេ។
យ៉ាងណាក៨ដោយ ដើម្បីរាយការណ៍ជូនអង្គសភា និងសាធារណជនជាតិ និងអន្តរជាតិបានជ្រាបពីសកម្មភាពសំខាន់ៗរបស់រដ្ឋសភា រដ្ឋសភាជាតិសម្រេចធ្វើការផ្សព្វផ្សាយនូវព្រះរាជសារព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងរបាយការណ៍របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៣ និងលើកទី៤ នីតិកាលទី៦ តាមរយៈ គេហទំព័ររបស់រដ្ឋសភា nac.org.kh និងតាមរយៈទូរទស្សន៍ជាតិកម្ពុជា៕