សង្គម

ប្រធានមណ្ឌលកុមារម្នាក់ មិន​ដឹង​មាន​អំណាចអ្វី បែរជា​មក​កាងឲ្យ​ស្ថានីយ៍ប្រេង​មួយ​កន្លែង​នៅ​ស្រុកសំរោង សាងសង់​ដោយ​គ្មានច្បាប់

យោង​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យដឹងថា មានស្ថានីយ៏ប្រេងមួយកន្លែងស្ថិតនៅភូមិអំពិល ឃុំស្លាស្រុកសំរោង ខេត្តតាកែវ កំពុងលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតិ ហើយ​កន្លងមកអាជ្ញាធរស្រុកក៏បានដាក់កម្លាំងចម្រុះចុះទៅហាមឃាត់ ដោយតម្រូវឲ្យ​ម្ចាស់ទីតាំងរត់ការច្បាប់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសិន ទើបឲ្យ​សាងសង់បន្ត ប៉ុន្តែម្ចាស់ទីតាំងនេះ នៅ​តែលួចសាងសង់ជា​ដដែល។

នៅពេលស្នើ​សុំ​ធ្វើការ​សម្ភាសន៍ ម្ចាស់ទីតាំងស្ថានីយ៏ប្រេងនោះ មិនបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនទេ ដោយថា បើមានការអី​ឲ្យ​ទៅ​សួរលោក អ៊ុក សំណាង ដែល​ជាប្រធាន​មណ្ឌល​កុមារ នៃក្តីសង្ឃឹម ស្រុកព្រៃកប្បាស ព្រោះខ្លួនធ្វើតែតាម លោក អ៊ុក សំណាង ជាអ្នកបញ្ជានោះទេ។

លោក អ៊ុក សំណាង ប្រធាន​មណ្ឌល​កុមារ នៃក្តីសង្ឃឹម ស្រុកព្រៃកប្បាស យើង​មិន​អាច​ធ្វើ​ការ​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺបានទេនៅថ្ងៃនេះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានថ្លែងថា លោកបានដាក់កម្លាំង​ឲ្យ​ចុះទៅឃាត់កាសាងសង់ស្ថានីយ៍ប្រេងខាងលើនោះហើយ គឺដោយសារការសាងសង់គ្មានច្បាប់អនុញ្ញាតិ ។ ហើយថា ក្រោយកម្លាំងលោកចុះទៅហាមឃាត់ ស្រាប់លេចចេញលោក អ៊ុក សំណាង មកអន្តរាគមន៍ ដោយសុំសាងសង់បន្ត តែលោកបដិសេធដោយតម្រូវឲ្យ​មានច្បាប់ ឬក៏មានការឯកភាពពីថ្នាក់លើមក ទើបលោកអនុញ្ញាតិឲ្យ​សាងសង់បន្តទៀត។

ចំណែកលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ បានថ្លែងថា រាល់ការបើកស្ថានីយ៏លក់ប្រេង ម្ចាស់ស្ថានីយ៏ត្រូវតែសុំច្បាប់អនុញ្ញាតិដល់ក្រសួងរ៉ែ និងថាមពល ដោយ​មិនមែនត្រឹមមន្ទីររបស់លោកហ៊ានអនុញ្ញាតិឲ្យ​នោះ​ឡើយ។

យ៉ាងណាក៏ដោយ គេ​នៅ​មិន​ដឹងថា តើ​លោក អ៊ុក សំណាង ដែលមាន​តួនាទីជា​ប្រធាន​មណ្ឌល​កុមារ នៃក្តីសង្ឃឹម ស្រុកព្រៃកប្បាស មានអំណាចអី បានជា​ហ៊ាន​កាងឲ្យ​មាន​ការ​សាងសង់​ស្ថានីយ៍ប្រេង​ខុស​ច្បាប់​យ៉ាងដូចនេះនោះទេ ហើយ​គេ​រំពឹងថា អាជ្ញាធរនឹងចាត់វិធានការ​រឿងនេះ​៕