សង្គម

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន រងការ ចោទពីពលរដ្ឋ ថាបានបើកដៃឱ្យឈ្មួញនាំទំនិញគេច ពន្ធនិងជនជាតិវៀតណាមចូលមកកម្ពុជាយ៉ាងគំហុក

បើទោះបីជាស្នងការនគរបាលខេត្តតាកែវ ត្រូវបានផ្លាស់ ប្ដូរក៏ដោយ ប៉ុន្តែរបៀបរបបដឹកនាំរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ដែលលាយឡំដោយអំពើពុក រលួយជាយូរណាស់មកហើយនោះ មិនមានការផ្លាស់ប្ដូរទេ។ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ក្នុងស្រុកគិរីវង់ ខេត្តតាកែវ លោក អ៊ុក គឹមកណ្ណិកា រងការ ចោទប្រកាន់ពីពលរដ្ឋថា បានបើកដៃឱ្យឈ្មួញនាំទំនិញ គេចពន្ធនិងហនុញ្ញាតហើយជនជាតិវៀតណាមចូលពីប្រទេសវៀតណាមមកកម្ពុជា ជារៀងរាល់ថ្ងៃ ដោយគ្មានការពិនិត្យត្រឹមត្រូវ ដោយបង់តែលុយចូលតែម្ដង។

បញ្ហានេះគេអាចមើលឃើញដោយផ្ទាល់ភ្នែក នៅឯច្រក ព្រំដែនភ្នំដិននោះផ្ទាល់តែម្ដង។ ពួកឈ្មួញម្ចាស់ទំនិញនាំគ្នាដើរទៅបង់លុយ ឲ្យពួកមន្ត្រីនគរបាលនិងស្ថាប័នជំនាញផ្សេងទៀតដែលអង្គុយនៅក្នុងប៉ុស្តិ៍ចាំទទួលយកប្រាក់។ តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា លោក អ៊ុក គឹមកណ្ណិកា បានបេីកដៃឱ្យឈ្មួញនាំទំនិញគេចពន្ធពីវៀតណាម ចូលមកកម្ពុជា ដោយមិនបានពិនិត្យត្រឹម ត្រូវ ហើយលោកបានប្រើកូនចៅ ឱ្យចាំបើកបារាស់យកលុយពីជនជាតិវៀតណាម ចេញចូលដោយសេរី ជារៀង រាល់ថ្ងៃ មិនចាំបាច់មានឯកសារអ្វីសំខាន់នោះទេ គឺបង់តែលុយឱ្យពួកមន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលអង្គុយចាំយកលុយនោះគឺជាការស្រេច។

ប្រភពបានឱ្យដឹងថា តាមទម្លាប់លោក អ៊ុក គឹមកណ្ណិកា មិនសូវបង្ហាញមុខនៅកន្លែងធ្វើការទេ ដោយមានតែកូន ចៅចាំយកលុយពីការចេញចូលរបស់ជនជាតិវៀតណាម និងរថយន្តដឹកទំនិញឆ្លងកាត់ចេញ-ចូលតែប៉ុណ្ណោះ។ ជាងនេះទៅទៀត មន្ត្រីនគរបាលដែលប្រចាំការនៅទី នោះភាគច្រើនជួលជនស៊ីវិល ឱ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ-ចូល។ ករណីនេះ កំពុងតែកើត មានសព្វថ្ងៃនេះ រីឯនាយនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍លោក អ៊ុក គឹមកណ្ណិកា ក៏នៅតែបន្តសោយសុខយ៉ាងរីករាយ បើទោះបីជាក្រសួងមហាផ្ទៃ ធ្លាប់បានព្រមានជាច្រើនលើកច្រើនសាមមិនអនុញ្ញាតឲ្យមានអំពើពុក រលួយយ៉ាងណាក៏ដោយ។

ជាមួយគ្នានោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលទើបឡើងកាន់តំណែង ក៏បានចេញបញ្ជាដោយមិនអនុញ្ញាតឱ្យមានជនជាតិវៀតណាម ចូលលក់ឆ្នោតកន្ទុយលេខ,សន្លឹកឆ្នោតផ្សងសំណាងនៅក្នុងមូលដ្ឋានឡើយ។ ប៉ុន្តែជាក់ស្តែងអ្នកលក់ឆ្នោតជនជាតិវៀតណាម នៅតែបន្តចូលត្រាច់ចតលក់ឆ្នោតពេញក្រុងដូនកែវខេត្ត តាកែវ រាល់ថ្ងៃ មានន័យថា ជនជាតិវៀតណាម ចូលមកស្រុកខ្មែររាល់ថ្ងៃនេះ គឺគ្រាន់តែបង់លុយឱ្យមន្ត្រីនៅច្រក ព្រំដែនជាការស្រេច។ លោកម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ហាក់ដូចជាមិនទាន់បានបញ្ចេញស្នាដៃអ្វីជា ដុំកំភួនឲ្យប្រជាពលរដ្ឋបានឃើញនៅឡើយទេ។

ពលរដ្ឋចោទជាសំណួរថា តើលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន មានខ្នងធំមែនទេ? ទើបមិនខ្លាចច្បាប់ហ៊ានបែបនេះ? តើគ្រប់ស្នងការនគរបាលខេត្តដែលឡើងមកកាន់តំណែង សុទ្ធតែត្រូវបាន លោក អ៊ុក គឹមកណ្ណិកា …ឬយ៉ាងដូចម្ដេច?៕