ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃនេះថា ព្យុះទី២១ ឈ្មោះ អេតូ បាននឹងកំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច ហើយតាមការព្យាករ ព្យុះនេះ នឹងចូលដល់ភាគខាងត្បូងប្រទេសវៀតណាម និងភាគខាងកើតកម្ពុជា មុននឹងថមថយឥទ្ធិពលជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី១០ ខែវិច្ឆិកា, ហើយជាមួយគ្នានេះ នៅសមុទ្រខាងកើតប្រទេសហ្វីលីពីន ក៏កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ ដោយតាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុងនៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះនឹងចូលមកដល់ភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាបមុននឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា។
តាមការបញ្ជាក់របស់ក្រសួង ស្ថានភាពបែបនេះ នឹងធ្វើឲ្យខេត្តនៅតំបន់វាលទំនាបកណ្តាលរបស់កម្ពុជា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ហើយនឹងអាចមានភ្លៀងក្នុងកម្រិតតិច ទៅមធ្យម ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ហើយអាចមានភ្លៀងខ្យល់ ក្នុងកម្រិតមធ្យម ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា។
ដោយឡែកតំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងក្នុងកម្រិតតិច ទៅបង្កួរ ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ហើយនៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា អាចនឹងមានភ្លៀងក្នុងកម្រិតមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ខ្ពស់ជាបង្គួរ។
ជាមួយគ្នានេះដែរ ក្រសួងក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលនឹងអាចកើតមានជាយថាហេតុណាមួយ៕