សង្គម

ជលផលកំពង់ចាមងាប់ត្រគាកស្ដូកបែរជាកម្លាំងអាវុធហត្ថស្រុកព្រៃឈរ បង្ក្រាបបទល្មើសនេសាទរឹបអូសបទ ល្មើសជាច្រើនប្រៀបដូចបំបែកឆ្នាំងបាយជំនាញ

ខេត្តកំពង់ចាម÷ បឹងធំស្ថិតនៅទីតាំងភូមិសាស្ត្រឃុំមៀន ស្រុកព្រៃឈរ ត្រូវបានមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏ដូចជាគណៈបញ្ជាការឯកភាពស្រុក កម្លាំងអាវុធហត្ថបានចុះបង្ក្រាបទល្មើសនេសាទបានជាច្រើន ចំណែកមន្ត្រីជំនាញជលផលខេត្តកំពង់ចាមវិញ ហាក់បីដូចជាគាំងត្រគាកស្ដូក ហាក់បីដូចបណ្ដោយឱ្យបទល្មើសកើត ឡើង។

បើតាមប្រភពប្រាប់ថា ខាងជលផលមិនមែនចេះតែដើរបង្ក្រាបបទល្មើស ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយគ្មានការចូលរួមពីខាងព្រះរាជអាជ្ញានោះទេ។ ហេតុដូច្នេះហើយបានជារាល់ការបង្ក្រាបបទល្មើសនេសាទដែលច្បាប់មានស្រាប់នោះ គឺត្រូវមានការចូលរួមពីខាងព្រះអាជ្ញាផងដែរ។

ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសនេសាទនេះ លោកខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរបានឲ្យដឹងនាព្រឹកថ្ងៃទី១២ តុលាឆ្នាំ២០២៤ ថាចំពោះទីតាំងដែលកម្លាំងអាវុធហត្ថស្រុកព្រៃឈរ ចុះបង្ក្រាបល្មើសនេសាទលើផ្ទៃបឹងធំល្វឹងល្វើយ នៅក្នុងរដូវវស្សា។ ជាមួយនោះក៏មានប្រជាពលរដ្ឋមួយចំនួនតូចដែលមិនគោរពច្បាប់នេសាទ ក្នុងរដូវបិទក៏ដូចជារដូវបើកនេសាទ បានលួចដាក់ស្បៃមុង ដើម្បីចាប់យកត្រីតូចធំ យកលក់នៅលើទីផ្សារទាំងបំពានច្បាប់ហាមឃាត់មិនឲ្យប្រើប្រាស់ឧបករណ៍ទាំង នេះឡើយ។

អភិបាលស្រុកព្រៃឈរ បន្តឲ្យដឹងទៀតថា មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ជាក់ស្ដែងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៨និង៣០នាទីព្រឹក រហូតដល់វេលាម៉ោង៣និង៥០នាទីរសៀល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ៣នាក់ ដឹកនាំដោយលោកអនុសេនីទោ វ៉ា ចាន់ហ៊ុច មេបញ្ជាការស្រុក សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពស្រុកព្រៃឈរ ដោយនាំបញ្ជាលោក ខេង ម៉េងឈុន អភិបាល នៃគណ:អភិបាលស្រុកព្រៃឈរ និងជាប្រធានគណ: បញ្ជាការឯកភាពស្រុក សហការជាមួយក្រុមប្រឹក្សាឃុំ ចុះបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ នៅចំណុចបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រើប្រាស់កម្លាំងសរុបចំនួន១៤ នាក់ ប្រើទូកម៉ាស៊ីនចំនួន១គ្រឿង។

ជាលទ្ធផល
+បង្រ្កាបបានឧបករណ៍លូស្បៃ
មុងចំនួន ១៥ មាត់ សាច់រត់ប្រវ៉ែង ៣៥០ម៉ែត្រ និងកាប់បំផ្លាញចោលចម្រឹងបង្គោលចំនួន២១០បង្គោល លែងកូនត្រីចំរុះទម្ងន់ប្រហែល១២០ គីឡូក្រាម
-ឯឧបករណ៍ពាក់ព័ន្ធបទល្មើសខាងលើ បានយកមករក្សាទុកនៅចំណុចទួលម៉ី ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដើម្បីដុតបំផ្លាញចោលតាមការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា។

បើតាមប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើនេះនិយាយថា សកម្មភាពរបស់កម្លាំងកងរាជអាវុធហត្ថស្រុក ហាក់ដូច ជាចុះទៅវាយបំបែកឆ្នាំងបាយរបស់ក្រុមមន្ត្រីជលផល។ ជារឿយៗមានតែសមត្ថកិច្ចកងរាជអាវុធហត្ថ ដែលតែង តែចុះទៅបង្ក្រាបបទល្មើសរីឯក្រុមមន្ត្រីជលផលក្រោម អំណាចក្តោបក្តាប់របស់លោកលី ស្រ៊ី នាយរដ្ឋបាលជលផលកំពង់ចាមស្ដីទី ងាប់ត្រកៀកស្ដូក។ គេឃើញមានការបង្ក្រាបខ្លះដែរប៉ុន្តែក្រោមការដាស់តឿនរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្មឯណោះទៅវិញ៕