សង្គម

បងរ៉ាន់ជើងឯកដឹកទ្វារចេញពីមេម៉ង់ជួបគ្រោះថ្នាក់ដែលបង្ហាញថាបទល្មើសនៃការកាប់ឈើពីតំបន់អភិរក្សភ្នំព្រិចនៅតែកើតមាន

ខេត្តមណ្ឌលគិរី÷ នៅយប់ម៉ោង២២និង០៦នាទីត្រូវនិងថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤ មានករណីកើតហេតុគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចទីតាំងស្ថិតនៅភូមិពូត្រុំ២សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីដោយរថយន្តម៉ាក់ធុនដ្រាបានបុកជាមួយឡានលុចស៊ីសRX 300 ដែលបើកបរច្រាសទិសគ្នាពីកើតទៅលិច។ បើតាមប្រភពថា រថយន្តធុនត្រារបស់ឈ្មួញឈ្មោះរ៉ាន់ ដឹកសន្លឹកទ្វារច្រើនជាង ១០សន្លឹកចេញពីតំបន់មេម៉ង់ ជាយដែនជម្រកសត្វព្រៃភ្នំព្រិចក្នុងដែនសមត្ថកិច្ចរបស់លោកព្រហ្ម វិបុលរតនៈ។

ក្រោយកើតហេតុអ្នកបើកបររថយន្តធុនត្រា របស់បងរ៉ាន់ បានរត់គេចចេញពីទីកើតហេតុ ហើយភាគីរថយន្ត lexusRX300 ដែលមានគ្នាបីនាក់បានរត់គេចបាត់ពិទីកើតហេតុពីរនាក់ បន្សល់ទុកម្នាក់ដែលរបួសធ្ងន់ត្រូវដឹកសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយរងរបួសបាក់ឆ្អឹងជំនី៥កាំ។ ប្រភពបានបន្ថែមថាក្រុមអ្នកបើកបរក៏រថយន្ត RX300 គឺជាក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលមានទីតាំងនៅតំបន់ដាក់ដាំហើយគឺជាក្រុមដែលស្វែងរកលាបសក្ការៈពីបទល្មើសព្រៃឈើនៅពេលយប់។

អ្វីដែលបានកើតឡើងមិនមែនជាទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។ ប៉ុន្តែបើតាមប្រជាពលរដ្ឋនៅតំបន់មេម៉ង់ក្បែរស្នាក់ការរងមេម៉ង់ នៃដែនជម្រកសត្វ ព្រៃភ្នំព្រិច ក្រោមអំណាចរបស់លោកព្រហ្ម វិបុលរតនៈបានឲ្យដឹងថា បទល្មើសនៃការកាប់បំផ្លាញព្រៃឈើក្នុងដែនអភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រិចនៅតែកើតមានជាដដែល។ ជាក់ស្ដែងថៅកែដឹកទ្វារបង្អួច លោករ៉ាន់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះបង្ហាញច្បាស់ថា ការកាប់ឈើដើម្បីយកមកធ្វើទ្វារបង្អួចនៅតែកើតមាន។ បើទោះបីជាលោកព្រហ្ម វិបុលរតនៈ ឆ្លើយថា មិនដឹងយ៉ាង ណា ក៏ដោយក៏ប៉ុន្តែគេមិនអាចប្រកែកបាន អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបន្សល់ភស្តុតាងច្បាស់ក្រឡែតនេះបានឡើយ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅតំបន់មេម៉ង់បានឱ្យដឹងថា បងរ៉ាន់គឺជាអ្នករកស៊ីដឹកជញ្ជូនទ្វារបង្អួចនេះជាយូរ ណាស់មកហើយ ហើយក៏ជាឆ្នាំងបាយរបស់សមត្ថកិច្ចជំនាញ នៃដែនជម្រកសត្វព្រៃភ្នំព្រិចនោះដែរ។ បើតាមប៉ាន់ស្មានលំនៅដ្ឋានរបស់លោករ៉ាន់ និងស្នាក់ការរងមេម៉ង់មានចម្ងាយប្រហែល៥០០ម៉ែត្រប៉ុណ្ណោះ។ ដូច្នេះ ហើយបានជាប្រជាពលរដ្ឋនិយាយថា លោករ៉ាន់ក៏ជាឆ្នាំងបាយដ៏សំខាន់មួយរបស់មន្ត្រីបរិស្ថាន នៃស្នាក់ការរងមេម៉ង់ក៏ដូចជាលោកព្រហ្ម វិបុលរតនៈ នោះផងដែរ។

រហូតមកដល់ពេលនេះទាំងកម្លាំងនគរបាល ដែលចុះទៅប្រតិបត្តិការវាស់វែង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ មិនបង្ហាញរបាយការណ៍នោះទេ។ ភាគីខាងរថយន្តធុនត្រារបស់បងរ៉ាន់ក៏មិនបញ្ចេញប្រតិកម្មនោះដែរ ដូចគ្នានិងក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលដើរស្វែងរកលាភសក្ការៈពេលយប់អាធ្រាត្រនេះដែរ។ករណីនេះសមត្ថកិច្ច ជំនាញខាងគណៈកម្មការថ្នាក់ជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរតែបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅថា តើរឿងនេះវាយ៉ាងម៉េចនិងដល់ណាហើយ?៕