សង្គម

នាយរងសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកបារាយណ៍ បើករថយន្តបុកមនុស្សស្លាប់ម្នាក់ របួស២នាក់ ហើយគេចខ្លួនបាត់

ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយ បណ្តាលអោយ ស្ត្រីជាម្ដាយបានបាត់បង់ជីវិត ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកកូន២នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវ ១០២ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមប្រភព ពីសមត្ថកិច្ច បានអោយដឹងថា ជនបង្កដែលមានឈ្មោះស៊ុយ ឡាច ជាមន្ត្រីរដ្ឋបាលព្រៃឈើបារាយណ៍ បានរត់គេចខ្លួនដោយសុវត្ថិភាព។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបាឡែនពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2I-7098 បើកបរក្នុងល្បឿនលឿនដូចបោះពួយហាក់បីដូចជាមានស្ថានភាពស្រវឹងផង។

សមត្ថកិច្ច បានអោយដឹងថា ភាគីម៉ូតូបើកបរដោយឈ្មោះ យ៉ោក​ វណ្ណនី ​អាយុ៣៧ឆ្នាំ​ រស់នៅភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកពីលិចទៅកើត (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាព។ ចំណែកអ្នក​រួមដំណើរជាកូនទាំង២នាក់ ឈ្មោះ​ គុណ​ ស៊ីណែត​ ភេទប្រុស អាយុ១៥ឆ្នាំ​ របួសស្រាល និង ឈ្មោះ​ គុណ​ ឧត្តម ​ភេទប្រុស​ អាយុ០៨ឆ្នាំ​ រងរបួសធ្ងន់​។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានឌុបកូន ដោយម៉ូតូមកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក CAMRY បាឡែន បានបើកមកពីកើតទៅលិច ទំនងជាឡើងជែង ក៏បានជ្រុលទៅបុកម៉ូតូ ពេញទំហឹងតែម្តងទៅ៕