សង្គម

មកដឹងពីស្ថានភាព​អង្គរក្សប្រតិភូរដ្ឋមន្រ្តីការបរទេសហុងគ្រីដែល​ឆ្លង​កូវីដ​១៩

(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យ​ដឹងថា មកទល់ពេលនេះ ស្ថានភាពសុខភាពបុរសជនជាតិខ្មែរដែលជាអង្គរក្សការពាររដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយត្រូវរកឃើញវិជ្ជមានវីរុសកូវីដ-១៩នោះ មានស្ថានភាពល្អប្រសើរទេ។

“ខ្ញុំសូមបញ្ជាក់ជូនថា សុខភាពអ្នកជំងឺរូបនេះនៅពេលនេះ គឺមិនមានសញ្ញាណាមួយដែលបង្ហាញពីសភាពធ្ងន់ធ្ងរនោះទេ ហើយបច្ចុប្បន្ន គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត”។ ប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន ។

បើតាម​ការ​បញ្ជាក់របស់​លោកជំទាវ រាល់អ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយបុរសរូបនេះ ខាងក្រសួងសុខាភិបាល បាននិងកំពុងតែធ្វើការងារនេះផងដែរ ហើយលោកជំទាវក៏បានស្នើឱ្យអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយនឹងអ្នកដែលបានបម្រើការងារក្នុងឱកាសដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី សូមទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីចៀសវៀងការព្រួយបារម្ភ និងសង្ស័យអំពីស្ថានភាពសុខភាពរបស់ខ្លួន។

សូម​រំលឹកថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើល ក្រោយ​ពី​គេ​បានរកឃើញអង្គរក្ស​ម្នាក់​ដែល​ការពាររដ្ឋមន្រ្តីការបរទេស​ហុងគ្រី មាន​វិជ្ជមាន​កូវីដ​១៩ ខណៈ​មនុស្ស​ប្រមាណជាង ៩០០នាក់ផ្សេងទៀត កំពុង​តែតាមដាន និង​ធ្វើតេស្ត​រកកូវីដ​១៩៕