ខេត្តស្វាយរៀង÷ គេសង្កេតឃើញមានរថយន្តធុនធំយីឌុបប្រភេទវ៉េអង ជាច្រើនគ្រឿងដឹកទំនិញលើសទ្រុង សង្ស័យជាទំនិញ គេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅប៉ុស្តិ៍ច្រកទ្វាព្រំដែន ហើយផ្ទេរទំនិញដាក់ក្នុងឃ្លាំងស្តុកទំនិញនៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តរបស់ក្រុមឈ្មួញឈ្មួញវៀតណាមឆ្លងដែនមកដឹកទៅប្រទេសវៀតណាម ដោយពុំឃើញសមត្ថកិច្ចណាមករំខានឡើយ។ ករណីបែបនេះបាននឹងកំពុងកើត មានជារៀងរាល់ថ្ងៃដោយមិនរំខានដល់សមត្ថកិច្ចជំនាញជាពិសេសមន្ត្រីគយប្រចាំនៅខេត្តស្វាយរៀងនោះទេ។ ភាពស្ងៀមស្ងាត់នៅលើដងផ្លូវត្រូវគេប្រាប់ថា វាបានត្រូវរូវគ្នាជាស្រេចរួចហើយ រវាងពួកឈ្មួញខ្មែរ និងវៀតណាមជាមួយ គយប្រចាំខេត្តស្វាយរៀងក្រោម អំណាចរបស់លោកហេង សំបូរ ។
ប្រភពរាយការណ៍ថា នៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែនច្រករបៀងសំយ៉ោង ដែលមានលោក រស់ ភឿន មេប៉ុស្តិ៍ច្រករបៀងស្ថិតនៅភូមិ-ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ទំនិញឆ្លងដែនមិនត្រូវបានត្រួតពិនិត្យឲ្យម៉ត់ចត់នោះទេ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំយ៉ោង បានឲ្យដឹងថា មានរថយន្តយីឌុបធុនយក្ស ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត សង្ស័យដឹក ទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្តិ៍ច្រករបៀងព្រំដែនសំយ៉ោង ក្នុង១ថ្ងៃៗ ចាប់ ពី៥-៦ គ្រឿង ហើយក្នុង១ខែៗមិនក្រោមពី ១៥០គ្រឿងនោះទេ សង្ស័យជាប្រភេទទំនិញគេចពន្ធដូចជាស្ករស,ក្រណាត់, ខោអាវគីប និងទំនិញជាច្រើនមុខផ្សេងទៀតដែលគេបង្កប់ខាងក្នុងបិទជិត ហើយបើកចូលក្នុងឃ្លាំងបិទទ្វារបង រួចផ្ទេរដាក់ចូលរថយន្តនិងត្រាក់ទ័រវៀតណាម ដឹកចូលទៅក្នុងប្រទេសវៀតណាម។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តដឹកទំនិញចំណុះ ៤៥តោន-៥០តោន ចូលចតផ្ទេរទំនិញនៅច្រករបៀង សំយ៉ោងបន្ទាប់មកក៏មានរថយន្តវៀតណាមនិងត្រាក់ទ័រ សណ្តោងរ៉ឺម៉ក មកផ្ទេររួចហើយដឹកឆ្លងដែនចូលទៅទឹក ដីប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង ឮសូរសំឡេងម៉ាស៊ីនទ្រហឹងចាប់ពីម៉ោង៥និង៣០នាទីល្ងាច រហូត ដល់យប់កណ្តាលអាធ្រាត ដោយគ្មានសមត្ថកិច្ចណា
មកត្រួតពិនិត្យរំខានឡើយ។ ការដែលគ្មានសមត្ថកិច្ចមកត្រួតពិនិត្យមិនមែនស្ថាប័នជំនាញដូចជាគយជាដើមមិនដឹងរឿងនោះទេ ប៉ុន្តែរវាងពួកឈ្មួញនិងមន្ត្រីគយនៅខេត្តស្វាយរៀងបានចរចាគ្នារួចជាស្រេចហើយ។ ប្រភពប្រាប់ថា ពួកឈ្មួញរកស៊ីដឹកទំនិញតាមច្រកសំយោងសុទ្ធតែបានចរចាជាមួយលោកហេងសំបូរមេគយ ខេត្ត ស្វាយរៀងរួចជាស្រេចមុននឹងដឹកទំនិញចេញ,ចូល។
សមត្ថកិច្ចមូលដ្ឋានសុំមិនបញ្ចេញឈ្មោះប្រាប់ថា ច្រក របៀងសំយ៉ោងនេះមានប៉ុស្តិ៍ទាហានវរៈការពារព្រំដែនគោកនៃតំបន់ប្រតិបត្តិការសឹករងស្វាយរៀង មានប៉ុស្តិ៍នគបាលវរៈការពាព្រំដែនលេខ៦០៩ និងមានមនុស្សស្លៀកពាក់ស៊ីវិលដែលគេថា ចៃគយដាក់កុងត្រូល ចាំយកលុយក្បាលរថយន្តទាំងយប់ទាំងថ្ងៃ ប៉ុន្តែមិនឃើញមន្ត្រីគយកាន់ការងារត្រឹមត្រូវមកពិនិត្យទំនិញឱ្យបង់ពន្ធទេ។ ជនស៊ីវិលទាំងនោះគឺជាមនុស្សជំនិតរបស់មន្ត្រីគយដើម្បីយកប្រាក់ពីរថយន្តដឹកទំនិញគេចពន្ធ ឬមិនបង់ពន្ធទាំងនោះ ដើម្បីឲ្យគេចផុតពីការទទួលខុសត្រូវរបស់មន្ត្រីគយនៅពេលដែលមានបញ្ហាអ្វីកើតឡើង។
ពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅតំបន់នោះលើកឡើងថា បើអាជ្ញាធរមានសមត្ថកិច្ច គ្មានចំណាត់ការទេ រថយន្តដឹកទំនិញលើសទម្ងន់ទាំងនេះបានបង្កឲ្យផ្លូវស្រុតខូចក្លាយជាដីល្បាប់រអិល,របើកដុំថ្មនាំឲ្យពិបាកធ្វើដំណើរយ៉ាងខ្លាំងជាពិសេសដឹកកសិផលនៅរដូវច្រូតកាត់នាពេលនេះ ហើយផ្លូវក្រាលកៅស៊ូក៏នឹងស្រុតខូចខាតជាមិនខាន។ ដូច្នេះសូមថ្នាក់ដឹកនាំខេត្តស្វាយរៀង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង មេត្តាមានចំណាត់ការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ផង។ ម៉្យាង ទៀតរថយន្តធុនយក្សដឹកទំនិញទាំងនេះបើកបរបំផ្លាញផ្លូវរាល់ថ្ងៃ ហើយបង្កឲ្យហុយធូលីដីចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យប៉ះពាល់ដល់សុខភាពកូនចៅពួកគាត់ដែលរស់នៅតាមបណ្តោយផ្លូវនេះ។
ទាក់ទិនករណីនេះដែរ អ្នកសារព័ត៌មាន មិនអាចរកការបំភ្លឺពី លោក រស់ ភឿន មេប៉ុស្តិ៍ច្រករបៀងសំយ៉ោងបានទេ ដោយទូរសព្ទ័មិនចូល, ចំណែក លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ក៏មិនអាចទាក់ទងសួររកការបំភ្លឺបានដែរ៕