ភ្នំពេញ÷សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ បានបញ្ជាឱ្យក្រសួងយុត្តិធម៌ ពិនិត្យនិងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលា ដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវដាក់ពន្ធនាគារកំណត់រយៈពេល ៥”ប្រាំ” ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ “ម្ភៃលាន” រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះ ថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
គួរបញ្ជាក់ថា តុលាការបានកាត់ទោសបុរសបើករថយន្ត Ford Ranger ទាំងស្រវឹងហើយបុករះស្លាប់មនុស្សប្រុស-ស្រី៤នាក់ភ្លាមៗ នៅក្រោមស្ពានអាកាសឫស្សីកែវ ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យមិនឱ្យបើកបរចំនួន៥ឆ្នាំ។ សាលក្រមនេះនាំឱ្យមានការរិះគន់ជាច្រើនប្រជាពលរដ្ឋជាច្រើន។
បងប្អូនប្រជាពលរដ្ឋលើកឡើងច្រើនដោយរិះគន់ការដាក់ទោស ជនបង្កបើកឡានបុះរះស្លាប់៤នាក់ នៅចំណុចស្ពានអាកាសឫស្សីកែវ ដោយសម្រេចឲ្យជាប់ គុក៥ឆ្នាំ ដែលមិនសមនឹងជីវិតមនុស្សនោះឡើយ។
បងប្អូនប្រជាពលរដ្ឋខ្លះ បានទាញភ្ជាប់ករណីជាមួយកូនខ្មែរយើងម្នាក់នៅប្រទេសអូស្រ្តាលី ដែលបានបើក ឡានបុកគេស្លាប់ តែដាក់ពន្ធនាគាររហូតដល់១២ឆ្នាំ។
ឆ្លើយតបនឹងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញប្រកាសដោយពន្យល់ថា នេះជាការដាក់ទោសដល់កម្រិតអតិបរមា ដែលច្បាប់បានកំណត់ គឺបុកគេស្លាប់ ត្រូវជាប់គុកត្រឹម៥ឆ្នាំ។
តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទរូបនេះ ដោយយោងតាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានចែងថាបទល្មើសបុកមនុស្សស្លាប់ ត្រូវប្រឈមជាប់គុកអតិបរមា៥ឆ្នាំ និងពិន័យជាទឹក ប្រាក់អតិបរមា២៥លានរៀល ហើយត្រូវហាមបើកបររយៈពេល៥ឆ្នាំ។
យោងតាមចំណុច គ នៃមាត្រា៨៥ បានបង្ហាញថា បើទោះបីជនបង្កបើកបុកស្លាប់លើសចំនួននេះទៀត ក៏ច្បាប់នៅតែតម្រូវឲ្យដាក់ទោសត្រឹម៥ឆ្នាំ មិនអាចលើសឡើយ។
តាមការយល់ឃើញរបស់មហាជន, នេះជាបទពិសោធន៍មួយ ដែលនាំឲ្យថ្នាក់ដឹកនាំផ្នែកច្បាប់គួរពិចារណា ពិនិត្យ និងឈានដល់ការធ្វើវិសោធនកម្មច្បាប់នេះឡើង វិញ ដែលអាចឲ្យជនបង្កគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់ច្រើនគ្នា គួរទទួលទោសច្រើនជាងនេះ៕