នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ឈាង ស្រីនាថ ជាភរិយារបស់លោកឧត្តមសេនីយ៍ស្នងការ និងជាប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ព្រមទាំងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខមន្រ្តីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងនាំយកថវិកា គ្រឿងឧបភោគបរិភោគឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ចំនួន១០នាក់ នៅស្រុកព្រៃឈរ ចំនួន៣នាក់, ស្រុកស្ទឹងត្រង់ ចំនួន១នាក់,
ស្រុកជើងព្រៃ ចំនួន២នាក់,
ស្រុកកំពង់សៀម ចំនួន១នាក់, ស្រុកបាធាយ ចំនួន១នាក់, ស្រុកចំការលើ ចំនួន១នាក់ និងក្រុងកំពង់ចាម ចំនួន១នាក់ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន និងនាំយកថវិកា គ្រឿងឧបភោគបរិភោគមួយចំនួនរបស់សមគម ឧបត្ថម្ភដល់មន្ត្រីនគរបាល ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូន ដែលកំពុងជួបការលំបាក ។
សរុបជាថវិកាចំណាយចំនួន ៣,៦០០,០០០រៀល ក្នុងនោះថវិកាផ្ទាល់ខ្លួនលោកឧត្តមសេនីយ៍ស្នងការ និងភរិយា ចំនួន ២,០០០,០០០រៀល និងថវិកាសមាគមចំនួន ១,៦០០,០០០រៀល ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ និងភរិយា ក៏បានសំណេះសំណាលសាកសួរសុខទុក្ខដល់កម្លាំង និងផ្ដាំផ្ញើបន្ថែម ឱ្យមានការថែទាំ ពិនិត្យនិងតាមដានសុខភាពជាប់ជាប្រចាំជាមួយគ្រូពេទ្យឯកទេស ព្រមទាំងជូនពរឱ្យមានសុខភាពល្អ ឆាប់ជាសះស្បើយពីជំងឺ ផងដែរ ។