ច្រករបៀងដើមស្នាយ នៅភូមិក្បាលត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ជាចំណុចឆ្លងដែនប្រើរថយន្តធំៗដោយមិនបង់ពន្ធដែលទីតាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់
លោក យ៉ន សុផល ប្រធានវរៈការពារព្រំដែនលេខ៦០៩ និងលោកចាន់ ដារ៉ា ប្រធានការិយាល័យសាខាគយ និង រដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ ។ ក្រៅពីទំនិញឆ្លងដែននៅចំណុចខាងលើ ដែលសង្ស័យមិនបង់ ពន្ធយ៉ាងគគ្រឹកគគ្រេងនោះ រថយន្តដឹកទំនិញធំៗកំពុងបំផ្លាញផ្លូវក្នុងសហគមន៍នោះបណ្ដាលឱ្យខូចខាតយ៉ាងខ្លាំង។ ប៉ុន្តែសមត្ថកិច្ចស្ថាប័នជំនាញ ដឹងតែពីយកលុយឬឯអាជ្ញាធរមូលដ្ឋាន មិនមានប្រតិកម្មចំពោះការខូច ខាតផ្លូវនោះឡើយ។
ឈ្មួញជនជាតិវៀតណាម យករថយន្តធុនធំខ្នាតយក្សប្រភេទវ៉េអង៣គ្រឿង ឆ្លងដែនពីប្រទេសវៀតណាម ចូលមកដឹកទំនិញនៅក្នុងដីខ្មែរ សង្ស័យជារថយន្តដឹក ទំនិញគេចពន្ធ ដោយចូលមកផ្ទេរទំនិញនៅក្នុងដីខ្មែរពេលថ្ងៃរហូតដល់វេលាម៉ោង៦និង៥០នាទីព្រលប់ ទើបដឹកចូលទៅប្រទេសវៀតណាម។ ករណីនេះកើតឡើងនៅចំណុចដើមស្នាយជិតគម្រោងដីឡូត៍អមតៈ ស្ថិតនៅភូមិក្បាលត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លុះដល់ម៉ោង៦និង៥០នាទីព្រលប់ ទើបដឹកទំនិញឆ្លង ដែនទៅប្រទេសវៀតណាម តាមច្រករបៀងដើមស្នាយ ដោយគ្មានសមត្ថកិច្ចជំនាញណាមករំខានឡើយ។
ប្រភពបានរាយការណ៍ថា នៅចំណុចគម្រោងដីឡូត៍អមតៈនេះ ឈ្មួញវៀតណាមតែងតែយករថយន្តឆ្លងដែនចូលមកដីខ្មែររៀងរាល់ថ្ងៃ រង់ចាំឈ្មួញខ្មែរដឹកទំនិញមក ដល់ ក៏ផ្ទេរទំនិញដាក់រថយន្តវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាម។ ទំនិញទាំងនោះរួមមាន ស្ករស, គ្រឿងអេឡិចត្រនិច,បារីស៊ែត,ក្រណាត់គីបនិងសំលៀក បំពាក់ សង្ស័យជាទំនិញគេចពន្ធ ដោយមិនឃើញមាន សមត្ថកិច្ចជំនាញណាមកក្បែរទេ អាចត្រូវថ្នាំសណ្ដំអស់ ហើយមើលទៅ។ ប្រភពបានបន្ថែមថា គ្មានសមត្ថកិច្ចនៅចាំមើលនោះទេ ប៉ុន្តែគេដឹងថា ពួកឈ្មួញទាំងនោះហុចផលប្រយោជន៍ឱ្យសមត្ថកិច្ចលាក់មុខ ទើបអាចរក ស៊ីដឹកជញ្ជូនទំនិតគេចពន្ធជាចំហយ៉ាងដូច្នេះបាន។
មហាជនបានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ច ថា បានបើកដៃឲ្យឈ្មួញប្រើប្រាស់រថយន្តដឹកទំនិញធុនធំប្រភេទវ៉េអង ចំណុះចាប់ពី ៤០តោន ទៅ ៥០តោន ធ្វើចរាចរណ៍នៅលើផ្លូវជាតិបង្កឲ្យបាក់ស្រុតផ្លូវថ្នល់ខូចជាបណ្តើរៗហើយ បើគ្មានការទប់ស្កាត់ទេ គឺផ្លូវថ្នល់ត្រូវខូចអស់ជាមិនខាន។
លោក យ៉ន សុផល ប្រធានវរៈការពារព្រំដែនលេខ៦០៩ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ។ ចំណែកឯលោក ចាន់ ដារ៉ា ប្រធានការិយាល័យសាខាគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ អ្នកសារព័ត៌មានមិនអាចរកការបំភ្លឺបានទេ ។ ប៉ុន្តែតាមកាត់សង្កេតបើពួកមន្ត្រីនៅតាមច្រកមួយនេះបើកដៃឲ្យឈ្មួញដឹកទំនិញគេចពន្ធចូលទៅប្រទេសវៀតណាមរាល់ថ្ងៃបែបនេះ ពិត ជាបាត់ចំណូលថវិកាជាតិច្រើនណាស់។ ដូច្នេះរដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគួរពិនិត្យករណីនេះឲ្យបានច្បាស់លាស់ឡើងវិញ៕