(តាកែវ)៖ កាលពីពេលថ្មីៗនេះ គេឃើញក្រុមការងាររបស់អាជ្ញាធរខេត្តតាកែវ ដឹកនាំដោយលោក ម៉ឹង វុទ្ធី អភិបាលរងខេត្តបានចុះមកដោះស្រាយ ក្រោយពីមានបណ្តឹងរបស់ប្រជាពលរដ្ឋថា អាជ្ញាធរស្រុកសំរោងបានឲ្យឈ្មួញកាយប្រឡាយយកអាចម៌ដីលក់ ហើយបានកាយចូលដល់ដីបង្ករបង្កើនផលរបស់ពួកគាត់ថែមទៀត។
ក្រោយការចុះដោះស្រាយនោះ ក៏បានបែកធ្លាយឯកសារគំរោងស្ដារអូរយកអាចម៏ដីលក់នោះ ដោយមានការចុះហត្ថលេខាពីថ្នាក់មេភូមិ ដល់ថ្នាក់ចៅហ្វាយស្រុក តែគេមិនឃើញមានមន្ទីរជំនាញពាក់ពន្ធ័នោះចូលរួមដឹងឮនោះទេ។
ឯកសារដែលបែកធ្លាយនោះ គឺពាក្យស្នើរសុំស្ដារអូមានទទឹង ៣០ម៉ែត្រ បណ្ដោយ៩៧៥ម៉ែត្រ ជម្រៅ៤ម៉ែត្រ បាតក្រោម១៥ម៉ែត្រ ស្ថិតនៅភូមិព្រៃស្នូល និងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
តាមប្រជាពលរដ្ឋថា កាលពីខែប្រាំងកន្លងទៅនេះ ក្រុមអាជ្ញាធរពាក់ពន្ធ័ក្នុងស្រុកបានឲ្យក្រុមហ៊ុនមកកាយយកអាចម៏ដីលក់ពីការស្ដារអូររាប់ម៉ឺនម៉ែត្រគូប ហើយការកាយយកអាចម៏ដីខាងលើយកទៅលក់នេះ គឺបានកាយលើសចំនួន ដោយកាយប៉ះចំដីអាស្រ័យផលរបស់ប្រជាពលរដ្ឋមួយចំនួនថែមទៀតផង។
ក្នុងនោះ លោក ម៉ឹង អុក មេភូមិព្រៃស្នួលបានថ្លែងថា ពិតជាមានការកាយអាចម៏ដីលើសពីពាក្យស្នើរសុំពិតមែន ដោយធ្វើឲ្យប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋ ហើយក៏បែករឿងឈានដល់អាជ្ញាធរខេត្តចុះមកដោះស្រាយតែម្ដងទៅ។
ពាក់ពន្ធ័ករណីខាងលើ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានថ្លែងថា ខាងមន្ទីរបស់លោកមិនបានទទួលឯកសារពាក់ពន្ធ័នឹងការស្ដាអូរបស់អាជ្ញាធរស្រុកសំរោងនោះទេ ហើយការស្ដារអូរនេះ គឺពាក់ពន្ធ័ជាមួយនិងខាងធនធានទឹក។
នៅថ្ងៃនេះ យើងមិនអាចសុំការបំភ្លឺពីលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹកខេត្តតាកែវបានទេនៅថ្ងៃនេះដោយទូរសព្ទ័របស់លោកតេចូលហើយ គ្មានអ្នកទទួល។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការចុះមកដោះស្រាយរបស់លោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវកាលពីពេលថ្មីៗនេះ គឺមិនទាន់បានសម្រេចយ៉ាងណានោះទេ ដោយទឹកកំពុងលិច ហើយលោកក៏លើកទៅធ្វើការដោះស្រាយនៅរដូវទឹកស្រក់វិញ៕