(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន៤ ដែលបានពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី កំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថា ក្រសួងបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន៤ ដែលពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី ហើយពេលនេះគណ:គ្រប់គ្រងបានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក៏បានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។
តាមការបញ្ជាក់របស់អ្នកនាំពាក្យ គ្រឹះស្ថានសិក្សាទាំង៤នោះ គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូប បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី, គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី, គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី និងគ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។