អគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល សម្រេចឱ្យក្រុមហ៊ុន សឹង យន្ត គ័ង យិក ខូអិលធីឌី (XING YUAN KANNG YEAK CO., LTD.) ដែលធ្វើអាជីវកម្មរ៉ែមាស នៅខេត្តក្រចេះ ផ្អាកប្រតិបត្តិការក្នុងអណ្តូងរ៉ែទី១ ជាបណ្តោះអាសន្ន ក្រោយកើតហេតុធ្លាក់ថ្មសង្កត់កម្មករស្លាប់ម្នាក់។
លិខិតរបស់ អគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបង្ហាញថា តាមរយៈការរាយការណ៍របស់ក្រុមមន្ត្រីប្រចាំការ និងការបញ្ជាក់បន្ថែមពីលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ នៅវេលាម៉ោង ៣:៣០ទៀបភ្លឺថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៤ នៅការដ្ឋានរបស់ក្រុមហ៊ុន សឹង យន្ត គ័ង យិក កើតមានឧបទ្ទវហេតុក្នុងអណ្តូងរ៉ែទី១ ស្ថិតនៅតំបន់អូរខ្លីកខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ។ លិខិតសរសេរថា៖«ក្នុងអំឡុងពេលរង់ចាំការចុះពិនិត្យ វាយតម្លៃ និងការចាត់វិធានការចំពោះឧបទ្ទវហេតុនេះ អគ្គនាយកដ្ឋាន ធនធានរ៉ែ សូមឱ្យក្រុមហ៊ុនផ្អាកប្រតិបត្តិការធនធានរ៉ែក្នុងអណ្តូងរ៉ែទី១ ជាបណ្តោះអាសន្នចាប់ពីកាលបរិច្ឆេទ នៃលិខិតនេះ លើកលែងតែសកម្មភាពបូមទឹកចេញពីអណ្តូងរ៉ែ»។
លោក រ័ត្ន តុលា ប្រធានស្តីទីនៃមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ មន្ត្រីជំនាញកំពុងចរចាជាមួយក្រុមហ៊ុន រ៉ែមាស រួមជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដើម្បីផ្តល់សំណងទៅកាន់ជនរងគ្រោះដែលជួបគ្រោះថ្នាក់ នៅការដ្ឋានរបស់ក្រុមហ៊ុន សឹង យន្ត គ័ង យិក ដោយសារថ្មធ្លាក់សង្កត់ ហើយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
សូមរំឭកថា នៅវេលាម៉ោង៣:៣០នាទីទៀបភ្លឺថ្ងៃអង្គារ មានករណីឧបទ្ទវហេតុធ្លាក់ថ្មសង្កត់មនុស្សស្លាប់ម្នាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង ជាកម្មករក្នុងក្រុមហ៊ុន សឹង យន្ត គ័ង យិក។ ឧបទ្ទវហេតុនេះ កើតឡើងនៅចំណុចរណ្ដៅទី១ ជាន់ទី២ មានជម្រៅប្រមាណជាង ៧០ម៉ែត្រ អំឡុងពេលក្រុមកម្មករ ៦នាក់ ចុះទៅកាយយកអាចម៍ដី ដែលមេការក្រុមហ៊ុនជីករួចរាល់ លុះពេលកម្មករចុះដល់អស់កម្លាំងក៏ថយក្រោយអង្គុយសម្រាកយកកម្លាំង ស្រាប់តែពេលនោះថ្មដំបូលរណ្តៅកម្ពស់ ២ម៉ែត្រកន្លះ បានបាក់ធ្លាក់សង្កត់ពីលើជងរងគ្រោះម្នាក់ ត្រូវត្រង់ចង្កេះ និងក្បាលជង្គង់បណ្តាលឱ្យស្លាប់ពេលដែលបញ្ជូនដល់មន្ទីរពេទ្យខេត្តក្រចេះ៕