ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ផ្តល់ដោយសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ របស់កូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ដែលរៀបចំដោយសាកលវិទ្យាល័យដុងហុកវ៉ាយស៍ ខេត្ត ឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាស នៃការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ” ពីប្រទេសដែលហែកហួរដោយ សង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបាឋកថាចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេស អំពីប្រវត្តិ នៃការតស៊ូដឹកនាំនៅលើកំណាត់ផ្លូវដ៏បត់បែន លំបាកស្មុគស្មាញ និងតស៊ូប្តូរផ្តាច់ គណបក្ស ប្រជាជនកម្ពុជាបានដឹកនាំប្រទេសឱ្យឈានទៅមុខជាជំហានៗជម្នះរាល់ឧបសគ្គ បង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ។

ការប្រមូលកម្លាំងមហាសាមគ្គីជាតិក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ធ្វើឱ្យប្រជាជាតិបានរស់រានមានជីវិតឡើងវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយ បើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។សម្តេចតេជោ ហ៊ុន សែន បានចែករំលែកបទពិសោធន៍ផងដែរថា មូលដ្ឋានជ័យជម្នះ៧មករា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត ជាពិសេសសិទ្ធិនៃការមានជីវិតរស់នៅ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន។

ការផ្សះផ្សា បង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១”។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “កម្ពុជាក្រោមការដឹកនាំរបស់សម្តេចបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដី ទាំងស្រុងចាប់ពីចុងឆ្នាំ ១៩៩៨ មកតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ ។ សម្តេចតេជោ ហ៊ុន សែន បានលើកដែរថា ការស្តារ និងកសាងសង្គមសេដ្ឋកិច្ច ពីស្ថានភាពត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ឱ្យរស់ ឡើងវិញ និងមានស្ថិរភាពជាជំហានៗ រហូតឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយចីរភាព និងសមធម៌ ធ្វើឱ្យសង្គមជាតិមានការផ្លាស់ប្តូរមុខមាត់ដែលពុំអាចគិតស្មាន”។​ សម្តេចតេជោ បានបញ្ជាក់ថា ប្រទេសជាតិមួយត្រូវតែជាម្ចាស់ការលើប្រទេសរបស់ខ្លួន លើជោគវាសនារបស់ខ្លួនឯង សន្តិភាពមិនអាចរក្សាបានទេ ។

សូមជំរាបថា សាកលវិទ្យាល័យ ដុងហុក វ៉ាយស៍ គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនៅ ក្នុងប្រទេស និងទទួលបានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងមានប្រវត្តិដ៏យូរអង្វែងនិងបាន ចូលរួមយ៉ាងសកម្មក្នុងការអប់រំនិងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ។ បច្ចុប្បន្ន សាកលវិទ្យាល័យនេះមាន ១១មហាវិទ្យាល័យ ដែលមាន ៥៦ដេប៉ាតឺម៉ង់។ ការអប់រំនៅសាកលវិទ្យាល័យនេះ ផ្តោតសំខាន់លើទ្រឹស្តីរបស់ ព្រះពុទ្ធពាក់ព័ន្ធនឹងការបង្កើនប្រាជ្ញាស្មារតី និងមានបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព ដើម្បីចូលរួមកសាងសង្គមដ៏ភ្លឺស្វាងនិងត្រចះត្រចង់។ ទស្សនវិស័យនៃការអប់រំនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ធនធានមនុស្សដែលមានសមត្ថភាពនិងអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងមនសិការ។

សាកលវិទ្យាល័យ ដុងហុក វ៉ាយស៍ ក៏បានចូលរួមផងដែរនៅក្នុងគម្រោងនិងគំនិតផ្តួចផ្តើមនានាដែល គាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការពង្រឹងកិត្តិនាមរបស់ខ្លួនទាំងនៅក្នុងប្រទេសនិងអន្តរជាតិ៕