សង្គម

អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យ​ស្រាវជ្រាវ និងបង្ក្រាបករណីល្បែងស៉ីសង Keno Online

កាលពីពេលថ្មីៗនេះ លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជា​ឲ្យ​នាយកដ្ឋាន​ជំនាញ ចុះធ្វើ​ការ​ស្រាវជ្រាវជា​បន្ទាន់ ក្រោយ​ពីមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនស៉ីននីវ ដែល​ទទួលបានអាជ្ញាប័ណ្ណធ្វើ អាជីវកម្មឆ្នោតឡូតូ ហេីយបំប្លែងជាល្បែងស៉ីសង តាមអនឡាញ Keno online ។

បើតាម​សេចក្តីរាយការណ៍ថា ក្រុមហ៊ុនស៉ិននីវ បានទទួលអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យ​ធ្វេីអាជីវកម្មឆ្នោតឡូតូ ប៉ុន្តែបើ​តាមប្រជាពលរដ្ឋរាយការណ៍មកថា ក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូ ទៅជាល្បែងស៉ីសង តាមអនឡាញ ដោយ​ពង្វក់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយគ្មានខ្លាចសមត្ថកិច្ចនោះទេ ជាពិសេសក្រុមហ៊ុនមួយនេះបានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈថែមទៀតផង ។

ពាក់ព័ន្ធ នឹងការចោទប្រកាន់នេះ តំណាងក្រុមហ៊ុនស៉ីននីវ បានថ្លែងថា ក្រុមហ៊ុនរបស់ខ្លួនពិតជាទទួលបាន អាជ្ញា ប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច ឲ្យ​ធ្វេី អាជីវកម្មឆ្នោតឡូតូមែន តែមិនបានបេីកល្បែងស៉ីសង តាមអនឡាញនោះឡើយ។

យ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ឯក សៀង សេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានថ្លែងថា លោកបានទទួលបទបញ្ជាពីអគ្គស្នងការនគរបាលជាតិហើយ ដោយ​ពេលនេះលោកក៏​បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវដែរ ហើយបើ​សមត្ថកិច្ចស្រាវជ្រាវរកឃើញការពិតដូចសេចក្តីរាយការណ៍​មែន លោកនឹងចាត់ការតាមច្បាប់ដោយ​មិ​នលើក​លែងឡើយ៕