(ខេត្តព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកាន់ការងារជានាយករដ្ឋមន្ត្រីកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ក្នុងការនាំមកនូវសមិទ្ធផលទាំងឡាយជា ឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្នុងអាណត្តិចុងក្រោយនៃការងារជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបើការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ហើយសមិទ្ធផលទាំងនោះបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីដែលដើរតួនាទីសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០លានដុល្លារ៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលកាន់តំណែតជាង១ឆ្នាំ សម្តេចមានកម្មវិធីសម្ពោធសមិទ្ធផលនានា ជាមួយឯកអគ្គរាជទូតជប៉ុនចំនួន៧លើកហើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងការងារជាង១០ឆ្នាំមកនេះ សម្តេចអញ្ជើញក្នុងកម្មវិធីផ្សេងៗច្រើនតែជួបភ្លៀង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹក ជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ អភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញ ការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាកំពង់ផែឱ្យបានរហ័សប្រកបដោយគុណភាព និង ប្រសិទ្ធភាព សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន និង ឡូជីស្ទិក នៅក្នុងតំបន់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនេះ នឹងផ្តល់ជាជម្រើសបន្ថែម សម្រាប់ជួយបំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹង ទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង៣ជំហាន នាពេលអនាគត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និង កំពុងជួយបំពេញបន្ថែមមុខងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនធីអីយូ/ឆ្នាំ ទៅ ១លានធីអ៊ីយូ/ឆ្នាំ និងអាចឱ្យនាវាកុងតឺន័រ មានជម្រៅទឹក -១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករកើនឡើងពី១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវា ដែលមានផ្លូវរត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឡើងរហូតដល់ ៤៩,២៥ភាគរយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកសមត្ថភាពផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាជួយប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជាកាន់តែប្រសើរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិននឿយណាយឡើយសម្រាប់ការអញ្ជើញសម្ពោធសមិទ្ធផលជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន នឹងជួយប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មរបស់កម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងជួយដល់កម្ពុជា បូករួមទាំងការស្វែងរកសន្តិភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ បន្តខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាថែមទៀត ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មកំពង់ផែកម្ពុជា កំពង់ផែតំបន់ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ មបន្ត បង្កើនកិច្ចសហការល្អ ឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញ មុខងារ និងភារកិច្ចក្នុងកិច្ចសហការ និង ការសម្របសម្រួល ប្រកបដោយភាពរស់រវើក, សហ- ថាមពល និង បំពេញឱ្យគ្នាទៅវិញទៅមក, ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង សាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែប្រសើរ, ជាពិសេសការថែទាំសមិទ្ធផលថ្មីនេះគឺ «ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»៕