ខេត្តពោធិ៍សាត់÷ ទោះបីជារដូវបិទនេសាទក៏ដោយ តែបញ្ហាបទល្មើសនេសាទលៀសនៅតំបន់បឹងទន្លេសាប ក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ នៅតែកើតមានជាធម្មតា។ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកក្រគរនេះ ត្រូវបានត្រួតត្រាដោយមហាអំណាច លោកយូរ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលក្រគរ ដែលគេតែងតែសង្កេត ឃើញមានបទល្មើសនេសាទ កើតមានជារៀងរាល់ថ្ងៃ ជាពិសេសការដឹកជញ្ជូនលៀស ចេញរាប់រយតោនក្នុង ១ថ្ងៃៗ។ រីឯលោកយូ សុវិចិត្រ ត្រូវប្រជាពលរដ្ឋរស់នៅតំបន់មាត់បឹងទន្លេសាបកំពង់ហ្លួងប្រាប់ថា មានភាពជិតស្និទ្ធដូចអណ្ដាតនិងធ្មេញ ជាមួយពួកឈ្មួញដឹក ជញ្ជូនលៀសដែលមានឈ្មោះតាម៉ុង និងភរិយា។
ថ្មីៗកន្លងទៅនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបករណីដឹក ជញ្ជូនលៀស នារដូវបិទនេសាទ ហើយបញ្ជូនឲ្យមន្រ្តីជំនាញអនុវត្តបន្ត ។ ប្រតិបត្តិការខាងលើធ្វើឡើង កាលយប់ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ត្រង់ចំណុចមាត់កំពង់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកក្រគរឲ្យដឹងថា លទ្ធផល បង្រ្កាបបានកាណូតមានផ្ទុកលៀសច្រកការ៉ុងចំនួន០៣ គ្រឿង និងរថយន្តចំនួន០២គ្រឿងផងដែរ ។
ប្រភពបញ្ជាក់ថា វត្ថុតាង រថយន្តដឹកជញ្ជូនលៀសត្រូវបាននាំយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី ចំណែកកាណូតមានផ្ទុកលៀស ត្រូវបាននាំយកមករក្សាទុកបណ្ដោះ អាសន្ន នៅស្នាក់ការសង្កាត់រដ្ឋបាលជលផលក្រគរ ។ ករណីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ បង្រ្កាបករណីដឹកជញ្ជូនលៀសខុសច្បាប់ខាងលើ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់១រូបបានបញ្ជាក់បន្ថែមតាមប្រព័ន្ធបច្ចេកវិទ្យា(តេឡេក្រាម)នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៤នេះថា ក្រុមការងារកំពុងរៀបចំចាក់លែងលៀសចូលទឹកវិញនិងបន្តនីតិវិធីទៀត។ ប៉ុន្តែឈ្មួញរកស៊ីដុះស្នឹមទាំងពីរនាក់នេះមិនដឹងថា តើត្រូវចាត់ការយ៉ាងណាទេ។
ប្រភពរាយការណ៍ថា តាម៉ុងនិងចែវណ្ណី ទាំងពីរនាក់ប្ដី, ប្រពន្ធនេះ គឺជាឈ្មួញរកស៊ីដឹកជញ្ជូនលៀសខួបប្រាំង ខួបវស្សាជាយូរឆ្នាំមកហើយ។ បើនិយាយពីកិច្ចសន្យាបញ្ឈប់សកម្មភាពដឹកជញ្ជូនលៀសខុសច្បាប់នេះ គឺគេប្រាប់ថា ឈ្មួញទាំង២នាក់ប្ដីប្រពន្ធនេះធ្លាប់ទទួលបាន ការណែនាំ និងធ្វើកិច្ចសន្យាហើយបញ្ឈប់សកម្មភាពរកស៊ីដឹកជញ្ជូនលៀសខុសច្បាប់នេះ រាប់រយដងមកហើយ។ ក៏ប៉ុន្តែគេនៅតែឃើញតាម៉ុងនិងចែ វណ្ណី រកស៊ីដឹកជញ្ជូនលីសចេញពីខេត្តពោធិ៍សាត់ជារៀងរាល់ថ្ងៃ ខួបប្រាំងខួបបវស្សា។ ការដែលឈ្មួញពីរនាក់ប្ដី,ប្រពន្ធ រកស៊ីខុសច្បាប់បែបនេះបានដោយស្រួល ព្រោះតែមានការចូលរួមឃុបឃិតពីលោកយូរ សុវិចិត្រ។
ប្រភពរាយការណ៍ថា តាំងពីរដូវប្រាំងរហូតដល់រដូវបិទនេសាទនេះ បទល្មើសនៃការដឹកជញ្ជូនលៀសចេញពីតំបន់មាត់កំពង់លួង ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ហាក់ដូចជាមិនអស់មិនហើយ សោះ។ មន្ត្រីជំនាញជលផលប្រចាំតំបន់នោះគឺលោកយូរ សុវិចិត្រ ត្រូវប្រជាពលរដ្ឋរស់នៅមាត់បឹងទន្លេសាបតំបន់កំពង់ហ្លួងនិយាយថា ជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ ជាមួយពួកឈ្មួញអ្នករកស៊ីដឹកលៀសចេញក្រៅប្រទេស។ យូរៗគេឃើញមានការបង្ក្រាបម្ដងៗដែរ ប៉ុន្តែមិនមែនលោកយូរ សុវិចិត្រ ជាអ្នកចេញបង្ក្រាបផ្ទាល់ទេ គឺមានមន្ត្រីថ្នាក់ខេត្ត ឬអាជ្ញាធរស្រុកដែលមើលទៅហាក់ដូចជាទើស ភ្នែកពេកក៏បង្ក្រាបម្ដងទៅ ។ សម្រាប់ប្រតិបត្តិការបង្ក្រាបប៉ុន្មានថ្ងៃមុននេះ ត្រូវគេនិយាយថា ជាការវាយចំក្បាលខូចរបស់លោកយូរ សុវិចិត្រនោះ មួយព្រនង់ដែរ។
ការនេសាទលៀសនៅរដូវហាមឃាត់ គឺជាមហន្តរាយដល់ធនធានជីវៈចម្រុះនៅតំបន់បឹងទន្លេសាប។ ករណី នេះមិនមែនមន្ត្រីជំនាញជលផល តួយ៉ាងដូចលោកយូរសូវិចិត្រ មិនដឹងនោះទេ។ ប៉ុន្តែ វាពាក់ព័ន្ធនឹងរឿងផល ប្រយោជន៍អ្វីមួយ ទើបបានជាលោកនាយផ្នែកជលផលប្រចាំតំបន់នេះមិនបង្ក្រាបទល្មើសនោះ។ យ៉ាងណាក៏ ដោយក្រសួងកសិកម្ម,មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ពិនិត្យបញ្ហានេះឡើងវិញពីព្រោះគេមើលឃើញថា លោកយូរ សុវិចិត្រ សព្វថ្ងៃនេះកំពុងជិះសេះលែងដៃ ជាមួយពួកឈ្មួញ អ្នកដឹកជញ្ជូនលៀសឆ្លងប្រទេសនោះហើយ៕