តាមរយៈបណ្តាញសង្គម លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានបញ្ជាក់ថា មកទល់នឹងពេលនេះ កម្ពុជានិងប្រទេសវៀតណាម បានបញ្ចប់នូវការបោះបង្គោលព្រំដែនគោកជាមួយគ្នាទាំងស្រុងនៅខេត្តចំនួន៣។ ខេត្តទាំង៣នោះរួមមាន ខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។
អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជារូបនេះ បានបញ្ជាក់ថា នេះជាសមិទ្ឋផលប្រវត្តិសាស្រ្តលើកដំបូង សម្រាប់កម្ពុជាដែលមានសិទ្ឋិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតក គ្រប់ជំនាន់តទៅ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំលើកទី៥ នីតិកាលទី៦ ដោយធ្វើការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។
សូមបញ្ជាក់ដែរថា ប្រទេសកម្ពុជា និងវៀតណាម មានព្រំដែនគោកប្រវែង ១២៧០គីឡូម៉ែត្រ ហើយបច្ចុប្បន្នភាគីទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន៨៤%ហើយ៕