ខេត្តក្រចេះ÷ក្រោមការណែនាំចង្អុលបង្ហាញពីឯកឧត្តមវ៉ា ថន អភិបាលក៏ដូចជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រ បឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរ និងសហគមន៍នេសាទ បានចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្របឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះហើយលទ្ធផលសម្រេចបាន÷
វត្ថុតាងដែលរឹបអូសបាន រួមមាន បានធ្វើការរុះរើ ដក ហូត និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់រួមមាន៖របាំងព្រួលសាច់ណរ៉ាវ(សាច់កាវ)ចំនួន១១ខ្សែ ប្រវែង៥៥០ម៉ែត្រ,ក្រឡាទំហំ៣-០៤សម,លបសាច់កាវ ចំនួន១៤គ្រឿង ក្រឡាទំហំ០២-០៤សម,របាំងព្រួលស្បៃមុងចំនួន២៩ខ្សែ មានប្រវែង១៣៥០ម៉ែត្រ,លូស្បៃមុង ចំនួន៣២មាត់លូ, របាំងកាត់ទទឹងជិតព្រែកចំនួន ០២របាំង និងលបសាច់កាវចំនួន០៦គ្រឿង,បង្គោលចម្រឹងប្ញស្សីចំនួនប្រមាណ៦០០ដើម និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៣០០គក្រ។
លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បន្តអំពាវ នាវឲ្យប្រជាពលរដ្ឋ,អ្នកនេសាទកុំនេសាទល្មើសច្បាប់នៅរដូវហាមឃាត់។ លោកបន្តថា ខែនេះជារដូវត្រីពងដូច្នេះបងប្អូនប្រជាពលរដ្ឋយើងចូលរួមថែរក្សាការពារធនធានមច្ឆជាតិឲ្យបានរឹងមាំ។ ជាពិសេសមិនត្រូវនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់នោះឡើយ។លោកនាយខណ្ឌបន្តថា ប្រសិននៅតែមានជនប្រព្រឹត្តបទល្មើសនោះ មានតែការអនុវត្តតាមវិធានការច្បាប់តែប៉ុណ្ណោះ៕