រាជរដ្ឋាភិបាលថៃ បានឱ្យដឹងនៅថ្ងៃអង្គារថា ប្រទេសថៃបានចាប់បានត្រីទីឡាបយ៉ាខ្មៅជាង ១,៣ លានគីឡូក្រាម ក្នុងយុទ្ធនាការផ្តាច់ពូជត្រីដែលស៊ីកូនត្រីផ្សេងទៀតជាអាហារនេះ។
ត្រីទីឡាបយ៉ាខ្មៅ ដែលអាចបង្កើតកូនបានដល់ទៅ ៥០០ ក្បាលក្នុងពេលតែមួយ ត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ១៩ របស់ប្រទេសថៃ ដែលបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេ និងប្រឡាយដោយការចាប់ត្រីតូចៗ បង្គា និងខ្យងស៊ីជាអាហារ។ ត្រីទីឡាបយ៉ាខ្មៅគឺជាប្រភេទត្រីដែលស៊ីកូនត្រីផ្សេងទៀតជាអាហារ ដូច្នេះបើវត្តមានវាកាន់តែច្រើនលទ្ធភាពនៃការធ្វើឱ្យហិនហោចត្រីផ្សេងទៀតក៏មានកាន់តែខ្ពស់ផងដែរ។ ទន្ទឹមនឹងផលប៉ះពាល់ផ្នែកអេកូឡូស៊ី រាជរដ្ឋាភិបាលព្រួយបារម្ភអំពីផលប៉ះពាល់លើឧស្សាហកម្មចិញ្ចឹមត្រីដ៏សំខាន់របស់ព្រះរាជាណាចក្រ។
លោក ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត (Nattacha Boonchaiinsawat) អនុប្រធានគណៈកម្មាធិការសភាដែលបង្កើតឡើងដើម្បីដោះស្រាយការរីករាលដាលនៃត្រីប្រភេទនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖«ចាប់ពីខែកុម្ភៈដល់ថ្ងៃទី ២៨ ខែសីហា ត្រីទីឡាបយ៉ាខ្មៅចំនួន ១ ៣៣២ ០០០ គីឡូក្រាមត្រូវបានគេចាប់បាន ដែលក្នុងនោះ ៥៩០ ៨៤០ គីឡូក្រាមពីប្រភពទឹកធម្មជាតិនិង ៧៤៣ ៥៥០ គីឡូក្រាមពីស្រះចិញ្ចឹម»។ លោកបន្តថា៖ «យើងបាននិយាយជាមួយអ្នកស្រុកហើយបានរកឃើញថាការរីករាលដាលនៃត្រីទីឡាបយ៉ាខ្មៅកាន់តែអាក្រក់ទៅៗ ពួកវាត្រូវបានរកឃើញនៅក្នុងប្រឡាយតូចៗ ដែលមិនដូចមុន»។
ត្រីនេះមានដើមកំណើតនៅអាហ្រ្វិកខាងលិច ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងទន្លេរបស់ប្រទេសថៃក្នុងឆ្នាំ ២០១០ មុនពេលរីករាលដាលយ៉ាងឆាប់រហ័សក្នុងឆ្នាំ ២០១៨ ហើយឥឡូវនេះក៏ត្រូវបានគេរកឃើញនៅក្នុងរដ្ឋ Florida របស់សហរដ្ឋអាម៉េរិក និងនៅក្នុងប្រទេសហ្វីលីពីនផងដែរ។ កាលពីខែកក្កដា រដ្ឋាភិបាលថៃបានប្រកាសការកម្ចាត់ត្រីទីឡាបយ៉ាខ្មៅជាអាទិភាពជាតិ។ វានៅតែមិនទាន់ច្បាស់ថាតើត្រីនេះមកដល់ប្រទេសថៃដោយរបៀបណា ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា ពួកវាអាចត្រូវបាននាំចូលដោយក្រុមហ៊ុនមួយពីប្រទេសហ្គាណាក្នុងឆ្នាំ ២០១០។
យោងតាមលោក ណាតាឆា ការស៊ើបអង្កេតរបស់សភាកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃវត្តមានរបស់ត្រីប្រភេទនេះនៅលើទឹកដីថៃ។ រាជរដ្ឋាភិបាលថៃបានលើកទឹកចិត្តអ្នកស្រុកឱ្យចាប់ត្រីទីឡាបយ៉ាខ្មៅដោយផ្តល់ប្រាក់រង្វាន់ដល់ប្រជាជនចំនួន ១៥ បាតឬ ០,៤២ ដុល្លារ ក្នុងមួយគីឡូក្រាម។ ពួកគេក៏បានកំណត់តំបន់លក់ចំនួន ៧៥ នៅទូទាំងប្រទេសដែលអាចលក់ត្រីនេះបាន។ អាជ្ញាធរបានបញ្ចេញប្រភេទសត្វមំសាសី ដើម្បីតាមប្រមាញ់ត្រីទីឡាបយ៉ាខ្មៅឱ្យផុតពូជ ហើយក៏កំពុងបង្កើតពូជត្រីទីឡាបយ៉ាខ្មៅ ដែលត្រូវបានកែប្រែហ្សែន ដើម្បីកុំឱ្យពួកវាអាចកើតកូនកើតចៅបាន។ ក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិបានព្រមានកាលពីឆ្នាំមុនថា ត្រីទីឡាបយ៉ាខ្មៅកំពុងរីករាលដាលលឿនជាងពេលណាៗទាំងអស់ បំផ្លាញដំណាំ ការចែកចាយជំងឺ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ី៕