ព័ត៌មានជាតិ

ប៉ែន បូណា ៖ យុវជនមិនត្រឹមតែមានចំណេះជំនាញ និងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានមោទនភាពជាតិផងដែរ

ភ្នំពេញ÷រាជរដ្ឋាភិបាល កំពុងបណ្តុះយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិ ទៅថ្ងៃអនាគត។ នេះគឺជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តថា ពាក្យថាមូលធនមនុស្សមានអត្ថន័យជ្រាលជ្រៅពោលគឺ យុវជនមិនត្រឹមតែមានចំណេះជំនាញយ៉ាងតិចមួយក្នុងជីវិតនិងមានសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវ បណ្តុះមោទនភាពជាតិក្នុងខ្លួនផងដែរ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់បាន ហើយបំណងនេះឆ្លុះបញ្ចាំងតាមរយៈការដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំទី១ និយាយអំពីការកសាងមូលធនមនុស្ស។

ក្នុងន័យនេះ លោក ប៉ែន បូណា បានថ្លែងលើកទឹកចិត្តឱ្យយុវជនខិតខំស្រវា ស្រទេញ ដើម្បីក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយ និងត្រូវធ្វើខ្លួនជាមនុស្សដែលប្រកបដោយសីលធម៌ ថ្លៃថ្នូរ និងមានមោទនភាពជាតិហើយជ្រោងទង់តំណាងឱ្យជាតិជានិច្ច។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ពន្យល់ថា មោទនភាពជាតិគឺ ទៅដល់ទីណាត្រូវផ្សព្វផ្សាយអំពីរូបភាពល្អៗ និងវិជ្ជមានពីប្រទេសរបស់ខ្លួននៅទីនោះ ក្នុងន័យលើកតម្កើងតម្លៃជាតិ ក៏ដូចជាទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេស ពោលគឺមិនមែនទៅដល់ទីណាបំផ្លាញកិត្តិយសជាតិនៅទីនោះ ដូចដែលក្រុមជ្រុលនិយមមួយក្តាប់តូចបានធ្វើនោះឡើយ។

សូមបញ្ជាក់ថា បាឋកថានេះក៏មានលោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាវាគ្មិនផងដែរ និងដោយមាន ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ ជាគណៈអធិបតី ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ២៥០អង្គ/នាក់៕