រឿងរ៉ាវប្រជាពលរដ្ឋជាង២០គ្រួសាររស់នៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ដែលកើតទុក្ខមិនសុខចិត្តរឿងមានគេធ្វើរបងព័ទ្ធបិទផ្លូវពួកគាត់ដែលធ្លាប់ធ្វើដំណើរអស់ជាង៤០ឆ្នាំធ្វើកម្មសិទ្ធិនោះ មកទល់ពេលនេះ គេមិនទាន់ឃើញអាជ្ញាធរចុះមកដោះស្រាយនោះឡើយ ខណៈពាក្យបណ្តឹងរបស់ពួកគាត់បានដាក់អស់រាប់អាទិត្យទៅហើយ ដោយក្រុមមន្រ្តីសាលាស្រុកអង្គរបូរីជាប់រវល់ឈប់សម្រាក។
ចំពោះករណីបិទផ្លូវពលរដ្ឋនេះ លោក មឿយ ហ៊ាង មេឃុំបាស្រែបានថ្លែងថា ពិតជាមានបុគ្គលម្នាក់សង់របងបិទផ្លូវពលរដ្ឋធ្លាប់ដើរមែន តែលោកបានហៅបុគ្គលរូបនោះមកឲ្យបើកផ្លូវវិញដែរ តែគេប្រាប់ថា បើចង់ឲ្យគេបើកគេសុំលុយ៥លានរៀល បើមិនបានទេគេមិនបើកឡើយ។
ចំណែក លោក ឌឿ ជា អភិបាលរងស្រុកអង្គរបុរីបានថ្លែងថា ពាក្យបណ្ដឹងពលរដ្ឋបានដាក់ដល់រដ្ឋបាលស្រុកហើយ តែរង់ចាំលោក ឌឹម កំសាន្ត អភិបាលស្រុកចារសិនថា តើគួរឲ្យអ្នកណាជាអ្នកដោះស្រាយករណីនេះ។
ចំណែកឯលោក ឡេង ខូវ ប្រធានការិយាល័យភូមិនបាលស្រុកអង្គរបុរីបានឲ្យដឹងថា ករណីសង់របងបិទផ្លូវពលរដ្ឋនៅចំនុចខាងលើ ក៏ដូចជាបិទផ្លូវរបស់លោកដែរ ព្រោះលោកក៏ដើរតាមផ្លូវនឹងដែរ ហើយថា មិនដឹងអ្នកសង់របងនេះគេអាងលើឯកសារផ្លូវច្បាប់ស្អីនោះទេបានជាហ៊ានធ្វើបែបនេះ៕