ខេត្តពោធិ៍សាត់÷កាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា ក្នុង នាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ផ្ដល់ភាពស្របច្បាប់ជូនប្រជាពលរដ្ឋ២៤គ្រួសារ ដែលបានកាន់កាប់ មានទីលំនៅស្របច្បាប់និងអាស្រ័យផល ជាយូរយារណាស់មកហើយ។ ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះក៏មានគ្រួសារអតីតយុទ្ធជនផងដែរ។
លិខិតព្រឹទ្ធសភាបានបញ្ជាក់នៅក្នុងខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា សំណើសុំអន្តរាគមន៍របស់ឈ្មោះ ហាក់ ស្រីនិច កើតឆ្នាំ១៩៩៨ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាល ស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ ភិន ផល្លា កើតឆ្នាំ១៩៧០ មានទីលំនៅបច្ចុប្បន្នភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ តំណាងឱ្យប្រជាពលរដ្ឋចំនួន ២៤គ្រួសារ ដែលមានដីនៅទីតាំងតាមដងផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៨ ក្នុងភូមិដីក្រហម (អូរ១៧) ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ តំបន់ជើងភ្នំ ១៥០០ ចំណុចស្ពានលេខ៣៥ ចុះមកក្រោម ដែលមិនស្ថិតលើផ្លូវអន្ទង់អាំង បានដាក់ពាក្យគោរពចូលមក សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មេត្តាជួយអន្តរាគមន៍ ទៅកាន់អាជ្ញាធរទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលកំពុងដោះស្រាយបញ្ហាផ្លូវអន្ទង់អាំង ដើម្បីបញ្ឈប់យុទ្ធនាការដកហូតដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ដែលមានទីតាំងមិនស្ថិតនៅលើផ្លូវអន្ទង់អាំង ដែលបានទទួលស្គាល់ដោយអនុក្រឹតលេខ ២៤៥ អនក្រ .បក និងសុំស្ថាប័នពាក់ព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់(ប្លង់រឹង) ដល់ពួកគាត់។
លិខិតឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភាបញ្ជាក់ថា ខ្ញុំសូមជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលជ្រាបថា គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យ បណ្ដឹង និងអង្កេតនៃព្រឹទ្ធសភា បានទទួលពាក្យសុំអន្តរាគមន៍១ច្បាប់នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៤ របស់ ឈ្មោះ ហាក់ ស្រីនិច និងឈ្មោះ ភិន ផល្លា តំណាងឱ្យប្រជាពលរដ្ឋ២៤គ្រួសារ ដែលមានដីនៅទី តាំងតាមដងផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ១៣៦ -១៣៨ ក្នុងភូមិដីក្រហម(អូរ១៧) ឃុំអន្លង់រាប ស្រុកវាលវែង់ខេត្តពោធិ៍សាត់តំបន់ជើងភ្នំ១៥០០ចំណុច ស្ពាន លេខ៣៥ ចុះមកក្រោម ដែលមិនស្ថិតលើផ្លូវអន្ទង់អាំង គោរពចូលមក សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាមេត្តាជួយអន្តរាគមន៍ ទៅកាន់អាជ្ញាធរទាំងថ្នាក់ខេត្ត និង ថ្នាក់ជាតិ ដែលកំពុងដោះស្រាយបញ្ហាផ្លូវអន្ទង់អាំង ដើម្បីបញ្ឈប់យុទ្ធនាការដកហូតដីដែលជាកម្មសិទ្ធិ ស្របច្បាប់របស់ពួកគាត់ដែលមានទីតាំងមិនស្ថិតនៅលើផ្លូវអន្ទង់អាំង ដែលបានទទួលស្គាល់ដោយអនុក្រឹត លេខ ២៤៥ អនក្រ.បក និងសុំស្ថាប័នពាក់ព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) ដល់ពួកគាត់។
តាមការអះអាងរបស់ឈ្មោះហាក់ ស្រីនិច និង ភិន ផល្លា តំណាងឱ្យប្រជាពលរដ្ឋ ២៤គ្រួសារ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ២៤គ្រួសារ បានកាន់កាប់ និងអាស្រ័យផលលើដី ខាងលើជាច្រើនឆ្នាំមកហើយ ដោយមានការទទួល ស្គាល់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ជាពិសេសមាន អនុក្រឹត្យលេខ២៤៥ អនក្រ.បក ស្តីពីការកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិលើផ្ទៃដីទំហំសរុប ៩៣៣,៥៧៧ហិកតា ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានទីតាំងក្បាលដីជាប់នឹងដងផ្លូវជាតិលេខ៥៥ ចន្លោះគឺ ឡូម៉ែត្រលេខ១៣៦-១៣៨(ចំណុចស្ពានលេខ៣៥ ចុះមកក្រោម) នៅភូមិដីក្រហម(អូរ១៧) ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយតំបន់ទីតាំងដីនោះមិនពាក់ព័ន្ធនឹងព្រៃភ្នំ ឬផ្លូវអន្ទង់អាំងដែលត្រូវ អភិរក្សនោះទេ។
នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋទាំង នោះបានទទួលលិខិតអញ្ជើញលេខ ១៥១/២៤ ល.អ.ជ ចេញដោយរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមប្រជុំនៅសាលាខេត្ត ពាក់ព័ន្ធនឹងការ ដោះស្រាយតំបន់អន្ទង់អាំង នៅភូមិដីក្រហម(អូរ១៧) ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ឱ្យទៅជាតំបន់បៃតង ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម អភិបាលខេត្ត។
ពេលនោះឯកឧត្តមប្រធានអង្គប្រជុំបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងតម្រូវឱ្យ ពួកគាត់ធ្វើការចាកចេញជាដាច់ខាត និងដកហូតយកទីតាំងដីធ្លីនោះទុកជាសម្បត្តិរដ្ឋ ដោយលើកឡើង ថា ពួកគាត់រស់នៅលើដីនោះដោយខុសច្បាប់។ លើសពីនេះទៀត នៅពេលថ្មីៗនេះអាជ្ញាធរថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធបានធ្វើសេចក្តី ថ្លែងការណ៍មួយមានរយៈពេលខ្លីមានន័យគៀបសង្កត់ សម្លុត បង្ខំឱ្យរុះរើ និងចាកចេញពីទីតាំងស្នាក់អាស្រ័យ ដោយពុំបានបង្ហាញលិខិតជាលាយលក្ខអក្សរជាផ្លូវ ច្បាប់ ឬដំណោះ ស្រាយច្បាស់លាស់ណាមួយឡើយ ហើយថែមទាំងបានប្រាប់ថា នឹងប្រើវិធានការក្តៅចំពោះប្រជាពលរដ្ឋដែលមិនព្រមចាកចេញ។
លោកអនុប្រធានទី១ព្រឹទ្ធសភាបានបញ្ជាក់ថា ខ្ញុំសូមបញ្ជូនពាក្យសុំអន្តរាគមន៍ខាងលើ និងឯកសារពាក់ព័ន្ធជូន ឯកឧត្តមអភិបាល នៃគណៈអភិបាល ដើម្បីពិនិត្យ និងដោះស្រាយតាមការគួរ។ សូមឯកឧត្តមអភិបាល នៃគណៈអភិបាល មេត្តាផ្តល់លទ្ធផល នៃការដោះស្រាយ ករណីនេះមកជូន សម្តេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា ៕