ព័ត៌មានជាតិ

ឯកឧត្ដម នេត្រ ភក្ត្រា៖ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី google map មកប្រើនោះទេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «សូមចូលរួមយោបល់បន្តិច! ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី google map មកប្រើនោះទេ ហើយក៏មិនមែនមើលលើ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោលព្រំដែនដែលបានបោះនៅលើដីនោះដែរ។

ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែនជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត។ ការបោះបង្គោលព្រំដែនដែលត្រឹមត្រូវនិងស្របតាមបច្ចេកទេសត្រូវឈរលើ៖

ទី១-ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនត្រូវផ្អែកលើផែនទីជាមូលដ្ឋានគឺផែនទីបូនខ្នាត ១/១០០ ០០០របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលសម្តេចព្រះ នរោត្តម សីហនុ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ

ទី២-ឈរមូលដ្ឋាននិយាមការដែលបានកំណត់និងបរិយាយលម្អិតនៅក្នុងពិធីសាស្តីពីការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្រទេសទាំងបានឯកភាពគ្នា

ទី៣-មុននឹងធ្វើការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង ត្រូវឆ្លងកាត់នីតិវិធីបច្ចេកទេសលម្អិតដែលធ្វើឡើងដោយក្រុមបច្ចេកទេសចម្រុះព្រំដែននៃភាគីទាំងពីរ ដោយមិនមានការលម្អៀងសូម្បីតែមួយមិល្លីម៉ែត្រឡើយ។

ដូច្នេះការដែលយកផែនទី google map ឬផែនទីដែលបានមកពីប្រភពផ្សេងៗមកបកស្រាយពីខ្សែបន្ទាត់ព្រំដែននិងការបោះបង្គោលព្រំដែន មិនត្រឹមត្រូវនិងមិនអាចយកជាការបានឡើយ។ សូម្បីបញ្ជាក់ថា កន្លងមក ប្រទេសមួយចំនួននៅលើពិភពលោករួមទាំងកម្ពុជាផងបានធ្វើការតវ៉ាទៅក្រុមហ៊ុន google អំពីការបង្ហោះផែនទីដែលមិនស្របនឹងផែនទីកំណត់ព្រំដែនរដ្ឋនៃប្រទេសទាំងនោះ។ ម្យ៉ាងទៀត, ក្នុងការងារកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋ គេមិនអាចយកផែនទី google map មកធ្វើជាមូលដ្ឋានវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនបានជាដាច់ខាត។

ដូច្នេះ សូមបងប្អូនកុំមានការយល់ច្រឡំ ជឿលើការបំភ្លៃរបស់បុគ្គលជ្រុលនិយមមួយក្តាប់តូច»៕