ខេត្តតាកែវ÷ អ្នកភូមិបានប្រាប់ថា មាន់ជល់តាមកុំព្យូទ័រដោយប្រព័ន្ធអ៊ីនធឺណិតនៅភូមិគោដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី បាននិងកំពុងបង្កឲ្យមានបញ្ហាជាច្រើន ក្នុងសហគមន៍ ស្របពេលដែលអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍ធ្វើដូចជាមិនដឹង មិនឮ។ ប្រភពប្រាប់ថា ទីតាំងល្បែងស៊ីសងជល់មាន់ខុស ច្បាប់តាមប្រព័ន្ធអនឡាញ១កន្លែងនៅភូមិគោដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវកំពុងបើកដំណើរការដោយអនុញ្ញាតឱ្យក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង។
អ្នកភូមិនិយាយថា ទីតាំងមួយកន្លែងនេះទំនងជាមានខ្នងបង្អែករឹងមាំទើបដំណើរការបានជាចំហដោយមិនញញើតច្បាប់ទម្លាប់។ ប្រជាពលរដ្ឋនិយាយថា ទីតាំងល្បែងជល់មាន់តាមអ៊ីនធឺណិតនេះប្រជាពលរដ្ឋក្មេង- ចាស់,ប្រុស-ស្រី អាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែមិនដឹងថា តើអាជ្ញាធរមូលដ្ឋានឃុំត្រពាំងក្រសាំង ពោលគឺប៉ុស្តិ៍ត្រពាំងក្រសាំង ស្រុកបាទី មើលដោយភ្នែកទទេ ឃើញដែរឬយ៉ាងណានោះទេ?
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅភូមិគោដួលឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្ត តាកែវ កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែ សោះ ។ អ្នកភូមិខ្សិបថា គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងនគរបាលអធិការដ្ឋានស្រុកបាទីចុះ ទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ អស់ លោកនគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យ ទីកន្លែងល្បែងស៊ី សងមាន់ជល់នេះ ដំណើរការដោយសុវត្ថិភាពតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហើយមើលទៅ ម្ចាស់ទីតាំងជល់មាន់អនឡាញនេះ អាចបើកដំណើរការចាក់ភ្នាល់មាន់ជល់បានយ៉ាងរលូនបែបនេះ ។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងក្រសាំង បានលើក ឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់ ខាងលើនេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋានផងដែរ ។ បុរសជាមេគ្រួសារមួយចំនួនចំណាយពេលវេលានិងលុយកាក់នៅទីកន្លែងជល់មាន់អនឡាញខាងលើនេះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានសំណូមពរដល់យ៉ាងទទូចដល់ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីក៏ដូចជាលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយចុះស្រាវជ្រាវ និងបង្ក្រាបល្បែងស៊ីសងជល់មាន់ប្រព័ន្ធអនឡាញ ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលផង ៕